អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើល លំហូរទឹកនៅតាមអូរ ប្រឡាយមួយចំនួននៅក្នុងសង្កាត់លេខ៤

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរក្រុងព្រះសីហនុ ចុះពិនិត្យមើល លំហូរទឹកនៅតាមអូរ ប្រឡាយមួយចំនួន នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាគ្រឿងចក្រ កាយស្តារប្រឡាយនៅក្បែរស្ថានីយចម្រោះទឹកស្អាត ស្ថិតនៅសង្កាត់លេខ៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅតាមតំបន់ទំនាបមួយចំនួន ស្ថិតភូមិសាស្រ្តក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កុំឱ្យលិចលង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។

លោក គួច ចំរើន ក៏បានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុង ត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ អំពីស្ថានភាពអាកាសធាតុជាប់ជាប្រចាំ នៅពេលមានជំនន់ទឹកភ្លៀងយើងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ទន្ទឹមនោះក៏បានណែនាំដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ត្រៀមកម្លាំងសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ មកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា ៕(ដោយ៖ ពិជ័យបុត្រ)