ជនបង្ក បើកឡានបុកជនរងគ្រោះ រួចកិនបន្ថែមយ៉ាងសាហាវព្រៃផ្សៃ ត្រូវបានបញ្ជូនមកដល់តុលាការ

(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រូពេទ្យធ្មេញ ដែលបានបើកឡានបុកជនរងគ្រោះ រួចកិនបន្ថែមយ៉ាងសាហាវព្រៃផ្សៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងនគរបាល បញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យកំពុង ស្ថិតក្រោមការសាកសួររបស់លោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីដ៏សាហាឃោឃៅមួយ ដោយមានរថយន្តស៊ែរីទំនើបមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងទៀត ហើយថែមទាំងថយកិនបន្ថែម រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហើយរហូតមកដល់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ជនបង្កទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

បើតាមលោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ បានអោយដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។

ចំណែកំជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ ។

តាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ ដោយ៖ Micheal