មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ចុះជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋ ដោយសារតែជំនន់ទឹកភ្លៀង នៅ ៥ស្រុក នៅក្នុងខេត្តទាំងមូល

(ភ្នំពេញ)៖ ដោយសារតែសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋច្រើន កំពុងតែរងគ្រោះ ដោយសារតែជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរជម្លៀសទៅរកទីទួលមានសុវត្ថិភាព ហើយនៅក្នុងនោះខាងប្រធានមន្ទីរសុខាភិបាលខេត្ត ក៏សស្រាក់សស្រាំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋខាងផ្នែកសុខភាពផងដែរ ដោយគិតមកដល់ត្រឹមយប់ថ្ងៃទី១៦ ខែតុលាម្សិលមិញនេះ មានស្រុកចំនួន៥ត្រូវបានវេជ្ជបណ្ឌិតចុះជួយសង្គ្រោះ។

យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ក្នុងកំឡុងពេលទឹកជំនន់ជន់លិច នៅខេត្តពោធិ៍សាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានសកម្មចុះជួយសង្គ្រោះផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមទីតាំងមួយចំនួននៃក្រុងពោធិ៍សាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ ។

របាយការណ៍ របស់ប្រធានមន្ទីរសុខាភិបាលខេត្ត បានចាត់ចែងឲ្យមានក្រុមគ្រូពេទ្យសង្គ្រោះចល័ត នៅថ្នាក់ខេត្ត សម្រាប់ក្រុងពោធិ៍សាត់ និងនៅថ្នាក់ស្រុក នៅតាមបណ្តាស្រុក ដែលមានទឹកជំនន់លិច។ មានមណ្ឌលសុខភាពចំនួន ៣ កន្លែង (មណ្ឌលសុខភាពកោះជុំ ព្រែកត្នោត និងព្រៃញី) ដែលលិចទឹកតែត្រូវបានចាត់ចែងបានទាន់ពេល ក្នុងការទុកដាក់សម្ភារ-បរិក្ខាពេទ្យកុំឲ្យខូចខាត។ មណ្ឌលសុខភាព ចំនួន ១៥ កន្លែង ប្រឈមនឹងទឹកជន់លិច ដោយទឹកបានឡើងព័ទ្ធជុំវិញ នៅតាមផ្លូវចូល និងអាគារ តែនៅអាចដំណើរការផ្តល់សេវាសុខភាព ជាប្រចាំបាន ដើម្បីជួយប្រជាជនដែលមានបញ្ហាសុខភាព ក្នុងកំឡុងពេលមានទឹកជន់លិចនៅតាមភូមិនានា។

នៅក្នុងនោះក្រុមវេជ្ជបណ្ឌិត បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនចំនួនរាប់រយនាក់ ក្នុងនោះមានអ្នកពស់ចឹកចំនួន ១១នាក់ ត្រូវបានជួយសង្រ្គោះបានទាន់ពេល មិនមានអ្នកស្លាប់បាត់បង់ជីវិតដោយសារពស់ចឹកនោះទេ។ បានធ្វើការអប់រំសុខភាពជូនប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់ ពីអនាម័យដៃ និងខ្លួនប្រាណ ត្រូវប្រើប្រាស់ទឹកស្អាត ដោយបានចែកថ្នាំក្លរ៉ាមីន ឬក្លរីន ដើម្បីដាក់សម្អាតទឹកមុនការប្រើប្រាស់ និងពន្យល់ពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ចែកមុងជ្រលក់ថ្នាំ (មុងអង្រឹង និងមុងគ្រួសារ) ជូនដល់ប្រជាជនដែលប្រឈម និងគ្រោះថ្នាក់ប្រមាណជាង ១០ម៉ឺនមុង។ បានជួយសង្គ្រោះស្ត្រីសម្រាលកូនលំបាកចំនួន ០២នាក់ និងជំងឺធ្ងន់ធ្ងរ ហើយបានរកមធ្យោបាយបញ្ជូនពួកគាត់បានទាន់ពេល ដូចជាទូក និងរថយន្តខ្ពស់ៗជាដើម ដើម្បីបញ្ជូនពួកគាត់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ បានជួយអប់រំដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ពស់ចឹក និងត្រូវបញ្ជូនឲ្យបានទាន់ពេលវេលា ក្នុងករណីមានពស់ចឹក ទៅមន្ទីរពេទ្យដែលនៅជិតបំផុតណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្រែងលង់ទឹក ជាពិសេសកូនចៅតូចៗ ដែលប្រឈមនឹងការលង់ទឹក។ បន្តការផ្តល់សេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងតាមដានបញ្ហាសុខភាពនានា នៅក្នុងសហគមន៍ ប្រសិនបើមានបញ្ហាសុខភាព សូមបងប្អូនប្រញាប់ជួបជាមួយក្រុមគ្រូពេទ្យ ឬទៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក ៕ (ដោយ៖ ពិជ័យបុត្រ)