មេជាងម៉ៅការសំណង់ផ្ទះល្វែង ឡេង ណាវ៉ាត្រា សង្ស័យតូចចិត្តប្រពន្ធទៅស្រុក២ ៣ថ្ងៃ សម្រេចចិត្តចង.ក សម្លាប់ខ្លួន

(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយកាលពីព្រឹកព្រលឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ដោយបុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាមេជាងម៉ៅការសំណង់ផ្ទះល្វែងបុរី ឡេង ណាវ៉ាត្រា បានចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង។

ហេតុការណ៍នេះ បានកើតឡើងស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ិន ពុធ អាយុ ៣៩ឆ្នាំ មុខរបរមេការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន ៣នាក់នៅក្នុងបន្ទុក។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុដោយប្រពន្ធរបស់ជនរងគ្រោះបានទៅស្រុករយ:ពេល ២ ៣ថ្ងៃហើយដោយជនរងគ្រោះនៅធ្វើការធម្មតាដូចសព្វដង តែមិនដឹងមូលហេតុអ្វីទើបនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែងដែលកំពុងសាងសង់ ស្លាប់បាត់ទៅហើយ។

ក្រោយពេល កម្មករនៅទីនោះ បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនត្យជាក់ស្តែង និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ដោយ៖ Micheal