ពលករខ្មែរ ដែលមានជំនាញផ្នែកថែទាំ ប្រញាប់ដាក់ពាក្យធ្វើតេស្ត ទៅធ្វើការនៅជប៉ុន

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានប្រកាសឲ្យពលករខ្មែរ ដែលមានជំនាញផ្នែកថែទាំទាំងអស់ត្រូវប្រញាប់ដាក់ពាក្យធ្វើតេស្តជំនាញ និងភាសាជប៉ុន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលទទួលបាននៅថ្ងៃនេះ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងភាសាជប៉ុន សម្រាប់ផ្នែកថែទាំចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះតទៅ។ លោករដ្ឋមន្ត្រីបន្តថា ការធ្វើតេស្តសម្រាប់ផ្នែកថែទាំនេះ គឺធ្វើចំនួនពីរទីតាំង ដែលទីតាំងទី១ នៅមណ្ឌលសាកលវិទ្យាល័យ ប៊ែលធី សាខាទួលស្លែងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ និងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ និងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ។ ចំពោះទីតាំងទី២ នៅមណ្ឌលវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ២០២០ និងនៅថ្ងៃទី១៨ និងទី១៩ ខែធ្នូ ឆ្នាំ២០២០។

បើតាមលោកបណ្ឌិត អ៊ិត សំហេង ចំពោះវិញ្ញាសាធ្វើតេស្តជំនាញ និងភាសាជប៉ុន ចែកជា២ផ្នែក គឺទី១. តេស្តជំនាញថែទាំ មានរយៈពេល៦០នាទី និងមាន៤៥ សំណួរការប្រឡងវិញ្ញាសាសរសេរមាន៤០សំណួរ មូលដ្ឋានគ្រឹះនៃការថែទាំមាន១០សំណួរ ការយល់ដឹងផ្នែកអារម្មណ៍ និងរូបរាងកាយមាន៦ សំណួរជំនាញទំនាក់ទំនងមាន៤ សំណួរការថែទាំផ្នែករាងកាយមាន២០សំណួរ និងការប្រឡងអនុវត្តមាន៥ សំណួរ ។

ដោយឡែកផ្នែកទី២វិញ មានការធ្វើតេស្តភាសាជប៉ុន សម្រាប់ជំនាញថែទាំមានរយៈពេល៣០ នាទី និងមាន១៥ សំណួរ ពាក្យបច្ចេកទេស នៃការថែទាំមាន៥ សំណួរ ការសន្ទនាសម្រាប់ផ្នែកថែទាំមាន៥សំណួរ និងការអានអត្ថបទទាក់ទងការថែទាំមាន៥សំណួរ។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ចំពោះពិន្ទុជាប់ គឺចាប់ពី៦០ភាគរយ នៃពិន្ទុសរុបសម្រាប់តេស្តនីមួយៗដែលការធ្វើតេស្តជំនាញ និងភាសាជប៉ុន ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT Method) ហើយលទ្ធផល នឹងត្រូវជូនដំណឹងមួយខែក្រោយ នៃការប្រឡង។

លោកអ៊ិត សំហេង បញ្ជាក់ទៀតថា ការធ្វើតេស្តជំនាញ និងភាសាជប៉ុននេះ បេក្ខជនត្រូវបង់ថ្លៃចំនួន២០ដុល្លារ សម្រាប់ទទួលបានសិទ្ធិធ្វើតេស្ត ដែលបេក្ខជននីមួយៗត្រូវមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕

ដោយ៖ ភក្កី

សម្រួលផ្សាយដោយ៖ ភូរៈ