អ្នកនាំពាក្យ៖ នារីខ្មែរ ដែលចាញ់បោកទៅប្រទេសចិន បានមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជាហើយ

(ភ្នំពេញ)៖ ស្រ្តីខ្មែរឈ្មោះ សែម ស្រីពេជ្រ បានមកដល់ស្ថានអគ្គកុងស៊ុលម្ពុជា នៅទីក្រុងសៀងហៃហើយ កាលពីវេលាម៉ោង៩ យប់មិញ ហើយត្រូវស្នាក់នៅទីនោះរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទើបចេញដំណើរត្រឡប់មកកម្ពុជា តាមជើងយន្ដហោះ (Spring Airlines 9c8533) ដែលចេញដំណើរពីទីក្រុងសៀងហៃ វេលាម៉ោង១៣ និង៥៦ នាទី និងមកដល់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១៧ និង០៥នាទី ល្ងាចថ្ងៃដដែល នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា នារីខ្មែរម្នាក់ឈ្មោះ សែម ស្រីពេជ្រ នៅខេត្តជឺជាំង ប្រទេសចិន ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះ ក្រោយពីស្រ្តីខ្មែររូបនោះ បង្ហោះវីដេអូស្វែងរកអន្តរាគមន៏កាលពីថ្មីៗនេះ។

លោក កុយ គួង បានឲ្យដឹងដែរថា ស្ត្រីខ្មែរម្នាក់នោះ មានបំណងត្រលប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន ហើយស្ថានអគ្គកុងស៊ុលកម្ពុជានៅទីនោះ បានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលីសចិន ក៏បានយល់ព្រម នឹងប្រគល់ទិដ្ឋាការជូននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។ បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្រ្តីខ្មែរ នៅជិតប៉ុស្តិ៍ប៉ូលីសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។

បើតាមលោក កុយ គួង ដោយយោងតាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញ បានយល់ ព្រមជួយចេញសំបុត្រយន្តហោះដល់នាង ហើយស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែង រកមេរោគកូវីដ-១៩ ដែលសរុបជាទឹក ប្រាក់៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ។

លោក កុយ គួង បានបញ្ជាក់ថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ នោះ នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរចិន នៅថៃ្ងទី១៦ ខែតុលា ឆ្នាំ ២០២០ ហើយក្រោយពីទទួលបានទិដ្ឋា ការ នាងនឹងជិះរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុលនៅសៀងហៃ រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០៕

ដោយ៖ ភក្តី

សម្រួលផ្សាយដោយ៖ Micheal