ខេត្តកំពង់ស្ពឺ​ បិទចរាចរថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​ លើ​ផ្លូវជាតិ​លេខ ៤ ផ្លូវជាតិ​លេខ ៤១ និង​ផ្លូវ​ខេត្ត​លេខ ១៤១ ជាប​ណ្តោះ​អាសន្ន​

(កំពង់ស្ពឺ)៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានចេញសេចក្តី​ជូនដំណឹង​ ស្តី​ពី​ ការ​ផ្អាក​ចរាចរណ៍​ជា​ប​ណ្តោះ​អាសន្ន​ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ លើកំណាត់​ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៤១ និង​ផ្លូវ​ខេត្ត​លេខ ១៤១ (ចាប់ពី​ផ្សារ​ព្រៃផ្ដៅ​ដល់​ផ្លូវ​ខេត្ត​លេខ ១៣០​) ជា​ប​ណ្តោះ​អាសន្ន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ត​ទៅ ​រហូតដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។ នេះបើយោងតាមសេចក្តីជូនដមណឹងរបស់រដ្ឋបាលខេត្ត ដែលទីភ្នាក់ងារសារព័ត៌មាន SKY BROTHER MEDIA ទើបទទួលបាននារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បានបញ្ជាក់ថា ការបិទចរាចរនេះ គឺ​ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ បាន​ជន់​លិច​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ​ដែល​ធ្វើ​ឱ្យ​ផ្លូវ ​និង​ស្ពាន​មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្តដឹកទំនិញ​ធុន​ធំ​បាន​ ដែលអាចប​ណ្តា​ល​ឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

ជាមួយគ្នានោះដើម្បី​ធានា​ថែរក្សា​ផ្លូវ​ និង​ថ្នល់​កុំឱ្យ​បាក់​ស្រុត​ និង​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ ប្រកបដោយ​សុវត្ថិភាព ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​​បានផ្អាក​ចរាចរណ៍លើកំណាត់ផ្លូវជាតិទាំងបីនោះ រហូតដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។

​រដ្ឋបាល​ខេត្ត នៅតែទទូចដល់ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ ចូលរួម​សហការ​ប្រកបដោយ​ស្មារតី​យោគយល់​ និង​ទទួលខុសត្រូវ​ខ្ពស់​៕ ដោយ៖ Micheal