Update៖ក្រុមបាតុករថៃ បន្តជម្នះបម្រាម មិនខ្លាចកំញើញរដ្ឋអំណាច

(ថៃ)៖ ក្រុមយុវជនអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ បានបន្តជម្នះប្រឆាំងនឹងបម្រាម បន្ទាប់ពីប៉ូលិស​បាន​ធ្វើការបាញ់​ទឹក លាយសារធាតុគីមី បំបែកហ្វូងបាតុករកាលពីយប់ថ្ងៃសុក្រ​។ ជាបាតុកម្មប្តូរទិសដៅបន្ទាប់ពីបានរំសាយកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីប៉ូលិសបានបាញ់ទឹកបំបែក។

ដើម្បីបន្តការតវ៉ារបស់ខ្លួន អ្នកដឹកនាំក្រុមបាតុករបានរៀបចំប្រមូលផ្តុំគ្នានៅទីតាំង ៣កន្លែងផ្សេង​គ្នា​​នៅទី​ក្រុងបាងកកនៅល្ងាចថ្ងៃសៅរ៍នេះ ក្នុងគោលដៅប្រ​ឆាំងនឹង​បទបញ្ជាបន្ទាន់មួយ ដ្បិតថា​រដ្ឋាភិបាល​បិទមិនឱ្យមានការជួបជុំក្តី។

ក្រុមមនុស្សអ្នកចូលរួមជាច្រើន ត្រូវបានប្រាប់ឱ្យចូលទៅទីតាំង ចំនួន៣ រួមាន ស្ថានីយ៍ Udom Suk BTS តំបន់ ឡាដ ប្រាវ (The Lat Phrao interchange) និងរង្វង់មូល វង់វេនយ៉ៃ ជាដើម(Wong Wian Yai)នៅម៉ោង ៣ រសៀលថ្ងៃសៅរ៍នេះ។

ស្ថានីយ៍ដឹកអ្នកដំណើរប្រមាណ ជាង ៤០ បានប្រកាសបិទជាបណ្តោះអាសន្នត្រឹមម៉ោង ៣ ដល់ម៉ោង ១២យប់ ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខរបស់អ្នកដំណើរ។

លោកប្រាយុទ្ធ ចាន់ អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយ​ដាក់បម្រាមការ​ជួបជុំមនុស្ស​មិន​ឲ្យ​លើស​ពី ៤ នាក់។ ក្រុមបាតុករនៅតែជម្នះបន្តធ្វើបាតុកម្ម ទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង ដ្បិតក្រុមអ្នកតវ៉ាអះអាងថា ការបោះឆ្នោតកាលពីឆ្នាំមុន ធ្វើឡើងមិនត្រឹមត្រូវ ដោយមានការលួចបន្លំ។

ក្រុមបាតុករ​ក៏ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែងឡើង ​ដោយ​ក្រុម​យោធាផងដែរ។

មានអ្នកប្រជាធិបតេយ្យជាច្រើន លើកឡើងចម្ងល់ថាតើ ក្រុមអ្នកដឹកនាំបាតុកម្មតវ៉ា ប្រឆាំង លោកប្រាយុទ្ធ បានជោគជ័យឬយ៉ាងណា ខណៈដែលលោកប្រាយុទ្ធឯណោះវិញ ក៏មិនបន្ធូដៃឡើយ ដោយលោកបានកំញើញ ចាប់ខ្លួន វាយបំបែក បាញ់ទឹកដាក់ក្រុមបាតុករជាបន្តបន្ទាប់៕

(ដោយ៖ ឡេង ដេត)