ព្រះមហាក្សត្រថៃជួបជាមួយអតីតពួកកុម្មុយនីស្តថៃ និងអំពាវនាវឲ្យប្រជាជនថៃចេះស្រឡាញ់ទឹកដី

(អន្តរជាតិ)៖ ព្រះមហាក្សត្រថៃ វិច្ចរ៉ា ឡុងកន បានរាជានុញ្ញាតឲ្យអតីតសមាជិកនៃបក្សកុម្មុយនីស្តថៃចូលគាល់នៅក្នុងរាជវាំង ដោយក្នុងពេលនោះព្រះអង្គមានព្រះរាជបន្ទូលថា ថៃត្រូវការប្រជាជនដែលស្រឡាញ់ទឹកដី និងស្ថាប័នរាជានិយម។ ព្រះមហាក្សត្រថៃបានទទួលជួបពួកគេ ដើម្បីជម្រុញនូវជីភាពរបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងជាពិសេស គឺការធ្វើឲ្យមានប្រក្រតីជីវភាពសង្គមក្រោយពីពួកអតីតកុម្មុយនីស្តថៃទាំងនេះ បានបញ្ឈប់ចលនារបស់ពួកគេ។

ព្រះមហាក្សត្រថៃមានបន្ទូលទៀតថា៖ ខ្ញុំពិតជារីករាយចំពោះ អ្នកទាំងអស់គ្នាដែលក្លាយជាសសរស្តម្ភរបស់ជាតិ  ហើយពួកអ្នកជាអ្នកស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងស្ថាបន័នានា។ អ្នកទាំងអស់គ្នា ពិតជាមានបទពិសោធន៍ដែលអាចប្រើប្រាស់បានដើម្បីជាផលប្រយោជន៍ប្រទេសជាតិ។ អ្នកអាចប្រើប្រាស់វាដើម្បីបង្រៀនអ្នកជំនាន់ថ្មី ។ វាពិតជាមានប្រយោជន៍ខ្លាំងណាស់។

គួរបញ្ជាក់ថា នៅពេលនេះប្រទេសថៃ បានធ្លាក់ទៅក្នុងភាពចលាចល ដោយសារមានបាតុកររាប់ម៉ឺននាក់បានចេញមកតវ៉ាតាមដងផ្លូវអស់រយៈពេលជាច្រើនថ្ងៃហើយ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចាន់អូចារលាលែងពីតំណែង ការរំលាយរដ្ឋធម្មនុញ្ញ និងការលុបចោលច្បាប់ដាក់ទោសទៅលើអ្នកដែលប្រមាថព្រះមហាក្សត្រ និងបំណងចង់ឲ្យបន្ថយសិទ្ធព្រះអង្គផងដែរ៕

ប្រែសម្រួល ៖ សារឹទ្ធ (Yuth)