អាមេរិកប្រហារជីវិតស្រីម្នាក់ ដែលបានសម្លាប់ស្ត្រីមានផ្ទៃពោះ និងកាត់យកទារកពីស្បូន

(អន្តរជាតិ)៖​ វាពិតជាសាហាវពេកហើយ ប៉ុន្តែច្បាប់មិនបានអនុគ្រោះឡើយចំពោះអ្នកប្រព្រឹត្តអំពើបែបនេះ។ នារីម្នាក់ដែលត្រូវបានតុលាកកាត់ទោសពីបទសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងកាត់យកទារកពីស្បូនរបស់នាង ឃាតករូបនេះនឹងក្លាយទៅជាស្រីអ្នកទោសទី១ ដែលទទួលទោសប្រហារជីវិតក្រោមច្បាប់អាមេរិកតាំងពី៧០ឆ្នាំកន្លងទៅនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងយុត្តធម៌អាមេរិក កាលពីថ្ងៃទី១៦ខែតុលា (ម៉ោងនៅអាមេរិក) កន្លងទៅនេះ។

ជនល្មើសឈ្មោះលីហ្សា ម៉ុងហ្គោមេរី នឹងត្រូវប្រហារជីវិតនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ខាងមុខនេះ  ដោយចាក់ថ្នាំឲ្យស្លាប់នៅជំរុំ The Federal Correctional Complex ក្នុងរដ្ឋIndiana។ ស្ត្រីឈ្មោះលីហ្សានេះ ត្រូវផ្តន្ទាទោសពីបទសម្លាប់នារីអាយុ២៣ឆ្នាំឈ្មោះ Bobbie Jo Stinnet នៅភាគខាងលិចទីក្រុងមីស៊ូរី កាលពីខែធ្នូឆ្នាំ២០០៤។ នៅឆ្នាំ២០០៧តុលាការទីក្រុងមីស៊ូរីបានសម្រេចកាត់ទោសប្រហារជីវិត។

នាងលីហ្សា ត្រូវបានចោទប្រកាន់ថា បានសម្លាប់នារីមានផ្ទៃពោះ និងកាត់យកទារកពីស្បូន ដែលនាងក៏មានបំណងនឹងយកទារកនេះមកធ្វើជាកូនរបស់ខ្លួន ប៉ុន្តែមេធាវីការពារឲ្យជនល្មើសលីហ្សាបាននិយាយថា នាងមានជម្ងឺសតិមិនប្រក្រតីដែលបានបណ្តាលឲ្យទៅប្រព្រឹត្តអំពើបែបនោះ៕

ប្រែសម្រួល៖ សារឹទ្ធ (Yuth)