ទំនេរអត់ការធ្វើ យកកាំបិតដើរកាត់បំផ្លាញសញ្ញាបំភ្លឺតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ !

(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីដើរកាត់បំផ្លាញសញ្ញាបំភ្លឺលើដងផ្លូវរបស់ក្រុមហ៊ុនស្ថាបនាផ្លូវវាងក្រុងកំពង់ឆ្នាំង ។

បន្ទាប់ពីធ្វើការស្រាវជ្រាវមួយថ្ងៃ សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង1និង 15 នាទីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ កាំងកាន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរកណ្ដុរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា នៅវេលាម៉ោង 5 . 00 នាទីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នៅកំណាត់ផ្លូវជាតិលេខ ៥ រវាងក្រុងដែលកំពុងស្ថាបនាដោយក្រុមហ៊ុនជប៉ុននៅចំណុចភូមិឃុំស្រុកខាងលើ​ ជនសង្ស័យខាងលើនេះបានយកកាំបិត កាប់ដាវ ដើរកាត់សញ្ញាបំភ្លឺនៅលើកំណាត់ផ្លូវដែលកំពុងស្ថាបនានោះអស់ចំនួន 15 ដើម ដោយមិនដឹងពីមូលហេតុ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ ៕

ដោយសុក្ខារិន (ភូរៈ)