ចំណូល​ពន្ធដារ​ក្នុង​ត្រី​មាស​ទី​១​ កើន​ជាង ​១២%​

(ភ្នំពេញ)៖ ចំណូល​ដែល​អង្គភាព​ពន្ធដារ​ប្រមូល​បាន​​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ​២០១៩ មាន​កំណើន​ជាង​ ១២ ​​ភាគរយ ​បើ​ធៀប​​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ​២០១៨ ខណៈ​សម្រាប់​ខែ ​មីនា ចំណូល​នេះ​បាន​កើន​ឡើង​ជិត​ ៧ ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​​ស្តីពី​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មីនា និង​ប្រចាំ​ត្រី​មាស​ទី​​១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ កាល​ពី​ចុង​សប្តាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ ​២០១៩​ ចំណូល​​ពន្ធ​អាករ​ ដែល​​អគ្គនាយកដ្ឋាន​ពន្ធដារ​​ប្រមូល​បាន​​មាន​ប្រមាណ​ ៨៣៤,៧៧ ​លាន​​​​ដុល្លារ ​កើន​ឡើង​ ១២,៣៥ ​​ភាគរយ​ ស្មើ​នឹង​ ៧៣,១៦ ​លាន​​ដុល្លារ ធៀប​នឹង​ត្រី​មាស​​ទី​១ ឆ្នាំ ​២០១៨។ ចំណូល​ដែល​បាន​ទទួល​​ក្នុង​ត្រីមាស​ទី​១ គឺ​ស្មើ​នឹង​ ៣៦,៤៨ ​ភាគរយ នៃ​ផែនការ​ប្រចាំ​ឆ្នាំ​។

សម្រាប់​ខែ ​មីនា ឆ្នាំ ​២០១៩ អង្គភាព​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​អាករ​បាន​សរុប ៤៧៦,០៤ ​​លាន​ដុល្លារ​ កើន​ឡើង​ចំនួន ២៩,៥២ ​លាន​ដុល្លារ ស្មើ​នឹង​ ៦,៦១ ​ភាគរយ បើ​ធៀប​នឹង​ខែ ​មីនា ឆ្នាំ ​២០១៨។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា ដើម្បី​ធានា​បាន​​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ប្រមូល​ចំណូល​ពន្ធ និង​ឈាន​ទៅ​​សម្រេច​លើស​ផែនការ​ឲ្យ​បាន​ជា​អតិបរមា​ អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ចំណូល​​ពន្ធ តាម​រយៈ​ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ និង​ការ​ពង្រឹង​​អភិបាល​កិច្ច​ល្អ ព្រម​ជាមួយ​នឹង​វិធានការ​ចាំបាច់​មួយ​ចំនួន​ទៀត​​​ដូច​ជា ធ្វើការ​ពិនិត្យ​សិក្សា​លើ​តម្រូវ​ការ និង​រៀបចំ​ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ និង​ការ​អនុវត្ត​នៃ​លិខិត​បទដ្ឋាន​គតិយុត្តជា​ដើម៕