ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​ចិន​​ កើន ០,៣ ​ភាគរយ​​នៅ​ខែ​មីនា

(ក្រុង​ប៉េកាំង)៖ ទុន​បម្រុង​ជា​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេស​ ​ចិន បាន​កើន​ឡើង​ដល់ ៣,០៩៨៨ ពាន់​ពាន់​លាន​ដុល្លារ​​គិត​ត្រឹម​ចុង​ខែ​មីនា ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម​រដ្ឋបាល​ប្តូរ​ប្រាក់​បរទេស​រដ្ឋ​ (SAFE) របស់​ប្រទេស ​ចិន ​បាន​ឲ្យ​ដឹង​ថា បរិមាណ​ទឹក​ប្រាក់​នេះ​បាន​កើន​​ឡើង​ចំនួន ៨,៦ ពាន់​លាន​ដុល្លារ ឬ ០,៣ ភាគរយ​ធៀប​នឹង​ចុង​ខែ​កុម្ភៈ។

ដោយ​បាន​កើន​ឡើង​រយៈពេល ៥ ខែ​ជាប់​គ្នា ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​នេះ​មាន​បរិមាណ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​របស់​ទីផ្សារ​តិចតួច​ដែល​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន ៣,០​៩ ពាន់​ពាន់​លាន​ដុល្លារ។

លោក Wang Chunying អ្នក​នាំពាក្យ​ និង​ជា​ប្រធាន​សេដ្ឋវិទូ​របស់​រដ្ឋបាល SAFE ការ​បាន​ថ្លែង​​​ថា កំណើន​នៅ​ខែ​មីនា​នេះ គឺ​ជា​​លទ្ធផល​នៃ​កត្តា​ផ្សេងៗ រួម​ទាំង​ការ​ប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​បរទេស និង​តម្លៃ​ទ្រព្យ​សកម្មភាព។

លោក Xie Yaxuan ប្រធាន​អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន China Merchants Securities បាន​ថ្លែង​ថា ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​រូបិយប័ណ្ណ​បរទេស​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​ចិន មាន​តុល្យភាព។ លោក​បាន​បន្ថែម​ថា តុល្យភាព​នេះ​បាន​កើត​មាន​ដោយសារ​អត្រា​ប្តូរ​ប្រាក់​ប្រកប​ដោយ​ស្ថិរភាព​របស់​​ប្រាក់​យន់​ចិន​និង​ការ​ពង្រីក​ការ​បើក​ចំហ​​ហិរញ្ញវត្ថុ​របស់​ប្រទេស ​ចិន។

លោក Wang បាន​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​ភាព​ប្រែប្រួល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​សកល ប្រទេស​ ចិន ​នឹង​រក្សា​បាន​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​ប្រកប​ដោយ​ស្ថិរភាព ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទទួល​បាន​កំណើន​សម​ហេតុផល​មួយ។

ទុន​បម្រុង​ជា​មាស​របស់​ប្រទេស​​ចិន មាន​ចំនួន ៦០,៦​២ លាន​អោន​​​គិត​ត្រឹម​ចុង​ខែ​មុន កើន​ឡើង​​តិច​តួច​ពី​ខែ​កុម្ភៈ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ធនាគារ​​កណ្តាល​ចិន៕