កម្ពុជា នឹងមាន​ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់ ក្នុង​អំឡុង​ចូល​ឆ្នាំខ្មែរ

(ភ្នំពេញ)៖ ទឹកភ្លៀង​កក់ខែ​ក្នុង​បរិមាណ​បង្គួរ​នៅ​ស្ទើរ​ទូទាំង​ប្រទេស នឹង​កើត​មាន​សារ​ជាថ្មី​អំឡុង​ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១៧​ខែ​មេសា ឆ្នាំ​២០១៩។ នេះបើតាម​ការឱ្យ​ដឹងពី​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និងឧតុនិយម​ នៅ​ថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៩​នេះ។
លោក​ពន្យល់​ថា ការកើតឡើងនូវ​បាតុភូត​ខាងលើ​នេះ ដោយសារ​ឥទ្ធិ​ពល​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ ជួប​ប្រសព្វ​នឹង​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ (​កើត​)​ នៅលើ​ប្រទេស​កម្ពុជា​។ ព្រម​ពេល​ជាមួយ​នឹង​ការធ្លាក់​ភ្លៀង​នេះ ក៏​មាន​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតឡើង​ខ្លាំង​ដែរ​ត្រូវ​ប្រុង​ប្រ​យ័ត្ន។ ​ ​ ឥទ្ធិពល​នេះ នឹង​បង្ក​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ពីថ្ងៃ​ទី​១១ ​ដល់​ថ្ងៃទី​ ១៣​ខែ​មេសា នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ​រុញ​ចុះមក​តំបន់​ទំនាប​កណ្តាល​ភាគខាងត្បូង រហូតដល់​តំបន់​មាត់សមុទ្រ​ និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ នៅ​តំបន់​ជួរ​ព្រំដែន​កម្ពុជា វៀតណា​ម អំឡុង​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៧​ខែមេសា​។
លោក​ចាន់ យុ​ត្ថា​ ឲ្យ​ដឹង​ទៀតថា​នៅមុន​ពេល​មាន​ភ្លៀង​ធ្លាក់​បរិ​យាកាស​មាន​សភាព​ក្តៅ​ហប់​ហើយ​មាន​ខ្យល់​ខ្លាំង​កើតឡើង មុន​នឹងមាន​ភ្លៀង​ធ្លាក់មកដល់​។ ភ្លៀង​កក់ខែ​អាច​នឹង​កើតមាន​ច្រើន​ថ្ងៃនេះ មិន​បានធ្វើ​សីតុណ្ហភាព​អតិ បរមាន​ថយចុះ​នោះ​ទេ គឺ​នៅតែ​ស្ថិតក្នុង​រង្វង់​៣៩​អង្សា​សេ​ដដែល។ ទោះបីជា មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់​មកហើយ​យ៉ាងណាក៏ដោយ ក៏​រដូវវស្សា​ឆ្នាំនេះនៅតែ​ចូលមក​ដល់​យឺត​ជាង​ឆ្នាំ​ធម្មតា ដោយសារ​ប្រទេស​កម្ពុជា​នៅ​បន្ត​រង​ដោយ ប្រយោល​ពី​ឥទ្ធិ​ពល​បាតុភូត​អែល​នី​ណូ​៕