មេទ័ពអ៊ីរ៉ង់ព្រមាននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នៅឱ្យឆ្ងាយពីនាវាចម្បាំងរបស់ខ្លួន

តេហេរ៉ង់៖ មេបញ្ជាការយោធាអ៊ីរ៉ង់ លោក Mohsen Rezaei បានព្រមានកងនាវាអាមេរិកឱ្យរក្សានាវារបស់ខ្លួន ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំង នៅឱ្យឆ្ងាយពីនាវារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ លោក Rezaei បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «លោក ដូណាល់ ត្រាំ សូមប្រាប់ឱ្យនាវាចម្បាំងរបស់អ្នកនៅឯឱ្យឆ្ងាយពីកងកម្លាំងឆ្មាំបដិវត្តន៍…បើពុំដូច្នោះទេ យើងនឹងចាត់វិធានការ ចាំបាច់នានាដើម្បីការពារខ្លួន»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Rezaei កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាជាអង្គការភេរវកម្មលើកដំបូងបំផុត មិនធ្លាប់មានពី មុនឡើយ៕