ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងរន្ធត់ ស្លាប់ និងរបួស ៣នាក់ នៅស្រុកបារាយណ៍

(កំពង់ធំ)៖ កាលពីវេលាម៉ោង ០៦និង៤៥ព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ២៦៤A ភូមិចាន់ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់ និងរបួសមនុស្ស៣នាក់។

ម៉ូតូម៉ាក ហុងដាវេវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរពីលិចទៅកើត មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1N-1086 ធ្វើដំណើរពីកើតទៅលិច ដោយឈ្មោះ តង ភេទប្រុស អាយុ ២៧ឆ្នាំ នៅខេត្តកំពត រួមដំណើរជាមួយឈ្មោះ តុក ផាត ភេទប្រុស អាយុ ៣២ឆ្នាំ នៅខេត្តកំពង់ចាម ទាំងពីរនាក់របួសធ្ងន់ផ្នែកក្បាល (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបឋម៖ អ្នកបើកបរម៉ូតូទាំងពីរ បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកសពយកទៅតម្កល់ទុកនៅវត្តប្រាំងសំរោង៕