ឃាត់ខ្លួនប៉ូលិសសក្តិ៤កន្លះ ខេត្តកណ្តាលម្នាក់ ដែលបានបាញ់គំរាមប៉ូលិសជាប់កិច្ចសន្យា ក្រុងភ្នំពេញ

ភ្នំពេញ៖ ប៉ូលិសសក្កិ៤ កន្លះម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យបាញ់គំរាមភាគីម្ចាស់ផ្ទះ ដែលផ្ដើមចេញពីឈ្លោះគ្នាបន្តិចបន្តួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែមេសាឆ្នាំ២០១៩ នៅចំណុចផ្លូវលំភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ យន់ ផល្លី អាយុ ៥៤ឆ្នាំ ជាមន្ត្រីប៉ូលិស ពាក់ស័ក្តិ៤កន្លះ នៃការិយាល័យបណ្ដុះបណ្ដាល ខេត្តកណ្ដាល មានទីលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ឈួង គឹមស៊ា អាយុ 33 ឆ្នាំ ជាប៉ូលិសផ្នែកចរាចរ ជាប់កិច្ចសន្យាក្រុងភ្នំពេញ មានទីលំនៅទីតាំងកើតហេតុខាងលើ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានមកបើកឡាន តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល ២-4881 ដឹកឥវ៉ាន់ធ្វើផ្ទះ នៅម្ដុំកន្លែងកើតហេតុ ប៉ុន្តែខណៈបើកបរឡានមិនប្រយ័ត្នក៏ឡើងខឿនដំណាំបន្លែរបស់ជនរងគ្រោះ នៅពេលនោះជនរងគ្រោះ ក៏បានទៅគោះឡាន ដើម្បីប្រាប់ ហើយជនសង្ស័យ ក៏ចុះពីឡាន ឈ្លោះគ្នា ប្រតាយប្រតប់គ្នាបន្ទាប់មក ជនបង្កដកកាំភ្លើងមិនស្គាល់ម៉ាក ពីចង្កេះបាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុភ្លាមជនរងគ្រោះ ក៏បានតេទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កភ្លាមៗ យកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។ឮ

ពាក់ពន្ធ័នឹងករណីខាងលើ អធិការនគរបាលខណ្ឌជ្រោយចង្វា លោក សៀម សុត្ថវុធ និងលោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌ ហាក់លាក់លៀមព័ត៌មាន មិនទម្លាយការពិតឲ្យដឹងឡើយ បើទោះបីអ្នកយកព័ត៌មាន សាកសួរយ៉ាងណាក៏ដោយ ក៏គេមិនប្រាប់ដែរ។

បច្ចុប្បន្ន ជនបង្ក និងជនរងគ្រោះ ត្រូវសមត្ថកិច្ចកំពុងតែសាកសួរ នៅអធិការដ្ឋានខណ្ឌជ្រោយចង្វា ដើម្បីចាត់ការតាមនីតិវិធី៕