ក្រុមប៉ូលីស​ទីក្រុង​សេអ៊ូល កំពុង​សើប​អង្កេត លើ​រឿង​ក្តី​តារាស្រី Hwang Hana ក្រោយ​នាង​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន

បរទេស៖ ថ្មីៗនេះ មានការចែកចាយពេញបណ្តាញសង្គម និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រតារាកូរ៉េស្រី Hwang Hana ខណៈអ្នកខ្លះក៏សម្តែងនូវការភ្ញាក់ផ្អើលនឹងស្មានមិនដល់ថា តារាស្រីរូបនេះប្រើប្រាសសារធាតុញៀន។ ការចាប់អារម្មណ៍នេះ បន្ទាប់ពីតារាស្រីខាងលើ ត្រូវបានក្រុមប៉ូលីសទីក្រុងសេអ៊ូល ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ យ៉ាងណាមិញ បច្ចុប្បន្ននេះក្រុមប៉ូលីសកំពុងបន្តការសើបអង្កេត និងសើរើរឿងក្តីរបស់តារាស្រី Hwang Hana បន្ថែម ដើម្បីឱ្យប្រាកដថា នាងពិតជាបានមានកំហុស ឬក៏យ៉ាងណា?

ជាក់ស្តែង បើយោងតាមរបាយការណ៍របស់ «SBS» ស្ថានីយទូរទស្សន៍ដ៏ល្បីមួយក្នុងកូរ៉េខាងត្បូង បានឱ្យដឹងថា នាង វ៉ាង ហាណា (Hwang Hana) ដែលត្រូវបានទស្សនិកជនស្គាល់ថា គឺជាអតីតគូស្នេហ៍របស់លោក ផាក យូឈុន (Park Yoochun) ត្រូវបានប៉ូលីសទីក្រុងសេអ៊ូឃាត់ខ្លួនកាលពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ក្នុងអំឡុងម៉ោង ៣ល្ងាច ក្រោយសង្ស័យថា មានជាប់ពាក់ព័ន្ទក្នុងរឿងក្ដីប្រើប្រាស់ និងលក់គ្រឿងញៀន។ បើគិតមកទល់នឹងបច្ចុប្បន្ននេះ តារាស្រី វ៉ាង ហាណា ស្ថិតក្នុងកន្លែងឃុំឃាំង និងបន្តការសាកសួរចម្លើយ ដើម្បីជាភាពងាយស្រួលក្នុងការបន្តនិតីវិធីសើបអង្កេតរបស់ប៉ូលីស។

បើតាមប្រភពបានឱ្យដឹងថា ក្រោយចាប់ខ្លួនមេធាវីរបស់ វ៉ាង ហាណា បាននិយាយថា យើងព្រមទទួលបទចោទប្រកាន់ប្រើគ្រឿងញៀន នាងបានប្រព្រឹត្តខុស និងចាប់ផ្ដើមប្រើថ្នាំ «Philopon» មួយក្នុងចំណោមប្រភេទ «Methamphetamine» ជាសារធាតុជំរុញដល់ ប្រព័ន្ធសរសៃប្រសាទផ្នែកកណ្ដាលជាលើកដំបូងក្នុងឆ្នាំ២០១៥ ។ ក្រោយមកទៀត មាននារីម្នាក់បានព្យាយាមឲ្យនាងឈប់ប្រើប្រាស់ថ្នាំប្រភេទនេះ។ លុះរហូតមកដល់ចុងឆ្នាំ២០១៨ មានមិត្តរបស់នាងម្នាក់បានបបួលឲ្យនាងប្រើម្ដងទៀត ទោះបីជានាងបានឈប់ប្រើជាង ២ឆ្នាំ មកហើយក្តី។

គួរជម្រាប់ថា Hwang Hana កាលបីអំឡុងឆ្នាំ២០១៥ ធ្លាប់ត្រូវការប៉ូលីសធ្វើការស៊ើបអង្កេតម្តងរួចមកហើយ ពាក់ព័ន្ទនឹងករណីចែកចាយថ្នាំ Philopon តែរឿងក្តីនោះហាក់ស្ងប់ស្ងាត់ទៅវិញ ដោយប៉ូលីសបានចេញមកអះអាងថា នាងមិនមានកំហុស។ សម្រាប់រឿងក្តីបច្ចុប្បន្ន មកទល់នឹងពេលនេះ នៅមិនទាន់មានប្រភពខាងណាមួយ មកបញ្ជាក់នៅឡើយទេ ពីលទ្ធផលនៃការសើបអង្កេតរបស់ប៉ូលីស ខណៈទស្សនិកជនកំពុងតែរង់ចាំថាតើ នាងពិតជាប្រព្រឹត្តិរឿងទាំងនេះម្តងទៀត ឬយ៉ាងណា?