តុលាការសម្រេចឃុំខ្លួនបុរសជនជាតិស្វីសម្នាក់ ដែលបានបន្លំក្រដាស់ប្រាក់ដុល្លារក្លែងក្លាយនៅទូរ ATM ធនាគារ ABA

ភ្នំពេញ៖​ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានចេញដីការបង្គាប់ឱ្យឃុំខ្លួននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះថា  បុរសជនជាតិស្វីសម្នាក់ឈ្មោះ HOFER PETER អាយុ៦៤ឆ្នាំ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធី ពាក់ព័ន្ធនឹងករណីបន្លំក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ នៅទូរ ATM ធនាគារ ABA។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ករណីបន្លំប្រាក់ដុល្លារនេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៣០នាទី នៅចំណុចទូរ ATM ធនាគារ ABA ទីតាំងផ្ទះលេខ ៦៨ផ្លូវលេខ ៥៣ កែងផ្លូវលេខ ១៣៦ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យកាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ថកិច្ចបានដកហូតវត្ថុតាងដែលចាបបាន មានដូច៖ លុយក្រដាស់១០០ដុល្លារក្លែងក្លាយចំនួន០១សន្លឹក លុយដុល្លារចំនួន១១៦$ និងលុយថៃចំនួន៥២៤០បាត លុយខ្មែរចំនួន២មុឺនរៀល, លិខិតឆ្លងដែន ១ក្បាល , ទូរស័ព្ទដៃម៉ាក Xiami ពណ៌ខ្មៅចំនួន១ , វ៉ែនតាចំនួន២, ថ្នាំពេទ្យមួយចំនួន , កាតATM ចំនួន៤, កាតសំគាល់ខ្លួនចំនួន៣ , ប្រអប់ដាក់កាតចំនួន១, ប័ណ្ណបើកបរអន្តរជាតិចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១(ជារបស់ជនសង្ស័យ) ។

បន្ទាប់មកជនរងគ្រោះ បានធ្វើការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ ១០០ដុល្លារ ក្លែងក្លាយយកមកប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕