មន្ត្រី​ជំ​នាញ រឹបអូស​ឱសថ​ជំនួយ​ផ្លូវភេទ​ខុស​ច្បាប់​ជិត ២ ម៉ឺន​គ្រាប់

(ភ្នំពេញ)៖ ឱសថ​ប្រ​ភេទ​ផ្សេងៗ​គ្នា​បម្រើ​ឲ្យ​ផ្លូវ​ភេទ​និង​ឱសថ​ខុស​ច្បាប់​ប្រមាណ​ជិត​ ​២ ម៉ឺន​គ្រាប់ ​ត្រូវ​បាន​មន្ត្រី​ជំ​នាញ​ដាក់​បង្ហាញ​ជា​សាធា​រ​ណៈ​ក្នុ​ង​សន្និ​សីទ​កា​សែត​កាល​ពី​ម្សិល​មិញ​ ក្រោយ​ពី​ការ​បង្ក្រាប​និង​រឹប​អូស​បាន​ពី​ទីតាំង​លក់​មួយ​ចំ​នួន​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ចុង​ខែ​មីនា ​ព្រម​ទាំង​បាន​និង​កំពុង​កសាង​សំ​ណុំ​រឿង​បញ្ជូន​អ្នក​លក់ ៣ នាក់ ទៅ​តុលាការ​តាម​នីតិវិធី។

​​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​នៃ​ក្រសួង​មហា​ផ្ទៃ​លោក​ មា​ជ ​សុផាន់​ណា បាន​ថ្លែង​ក្នុង​ស​ន្និ​សីទ​​នៅ​ទីស្ដី​ការ​ក្រសួង​មហា​ផ្ទៃ​ថា ​សមត្ថ​កិច្ច​បាន​បង្ក្រាប ​និង​រឹបអូស​ឱសថ​ជំនួយ​ផ្លូវ​ភេ​ទ​ បង្កើន​អារម្មណ៍​ផ្លូវ​ភេទ បង្កើន​ភាព​ស្រើប​ស្រាល ​(ថ្នាំ​សម្រើប​)​ ឱសថ​មិន​បាន​ចុះ​បញ្ជី​ ឬ​គ្មាន​លិខិត​អនុញ្ញាត​នាំចូល​ ឱ​ស​ថ​ហួស​កាល​បរិច្ឆេទ​កំណត់​ និង​ឱសថ​ជា​ច្រើន​ប្រភេទ​ទៀត​សរុប​ចំនួន​ ១៨ ១៦០ ​គ្រាប់​ កាល​ពី​ថ្ងៃទី​ ២៧ ខែ​មីនា​នេះ។​

​លោក​ សុផាន់​ណា ​ថ្លែង​​ថា ​សមត្ថ​កិច្ច​បាន​ចុះ​ប្រតិ​បត្តិ​ការ​ធ្វើ​ការ​ឆែកឆេ​រ​តាម​ព័ត៌​មាន​កម្លាំង​សម្ងាត់​បាន​ផ្ដល់​មក​ គឺ​ទី​តាំង​លក់​ឱសថ​សម័យ ​និង​បុរាណ​ចិន​ចំនួន​ ៣ កន្លែង​នៅ​លើ​វិថី​មួយ​ក្បែរ​ផ្សារ​អូរ​ឫស្សី ​ដោយ​រក​ឃើញ​ប្រភេទ​ឱសថ​ដែល​មិន​បាន​ចុះ​បញ្ជិការ​ ផុត​សុពល​ភាព​ ដែល​មិន​មាន​ការ​អនុ​ញ្ញាត​ និង​ផលិត​ផល​ខុស​ច្បាប់​ផ្សេងៗ​ទៀត​ ហើយ​ក៏​មិន​មាន​ការ​ពិសោធ​ពី​​គុណ​ភាព​ថ្នាំ​ឲ្យ​ជាក់​លាក់​ពី​វិជ្ជសាស្ត្រ​ដែរ។​

​លោក​ សុផាន់​ណា ​ថ្លែង​ថា​៖ ​«​ម្ចាស់​ទីតាំង​ទាំង ​៣​ កន្លែង​មាន​ចំនួន​ ៣ នាក់​ ជា​ជន​ជាតិ​ខ្មែរ​កាត់​ចិន​ ហើយ​នៅ​ពេល​នេះ កំពុង​តែ​ត្រូវ​បាន​​សមត្ថ​កិច្ចសហ​ការ​ជា​មួយ​តុលា​ការ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ ​និង​កំណត់​ស្ថាន​ទម្ងន់​ទោស​។​ ​​ភ្លាមៗ​នោះ​​ យើង​មិន​ឃាត់​ខ្លួន​ពួក​គាត់​ដែរ​ ព្រោះ​ពួកគាត់​មិន​បាន​រត់​ទៅ​ណា​ទេ​ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​​មើ​ល​ពី​សមត្ថ​កិច្ច ​និង​តុលាការ»។

លោក សុ​ផា​ន់​ណា ​អះ​អាង​ថា ​មន្ត្រី​ជំ​នាញ​​បាន​និង​កំពុង​កំណត់​ថា​តើ​វា​ជា​ឱសថ​ក្លែង​ក្លាយ ​ឬ​ឱសថ​ពិត​ប្រាកដ​ និង​ផលិត​មក​ដោយ​របៀប​ណា ​និង​ប៉ះ​ពាល់​អ្វីខ្លះ?

ដើម្បី​កំណត់​ស្ថាន​ទម្ងន់​ទោស​ឲ្យ​បាន​ត្រឹម​ត្រូវ​ ប៉ុន្ដែ​បើ​នៅ​ក្នុង​ច្បាប់​ដែ​ល​​បាន​ចែង​ គឺ​អ្នក​ដែល​ប្រើ​ប្រាស់​ ឬ​ជួញ​ដូរ​ឱសថ​ទាំង​នេះ ​អាច​មាន​ទោស​ពី ៥ ​ឆ្នាំ​ ទៅ​ដល់​ ១០​ ឆ្នាំ​ ហើយ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​រហូត​ដល់​ ៥០ លាន​រៀល​ ​អ៊ីចឹង? ​រឿង​មួយ​នេះ ជា​រឿង​ថ្មី​ គឺ​យើង​កំពុង​តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ និង​ធ្វើ​ពិសោធ​តាម​រយៈ​វិ​ជ្ជសាស្ត្រ ​ដើម្បី​ធានា​លើ​សុខ​ភាព​របស់​ប្រជា​ពល​រដ្ឋ ​នឹង​​ត្រូវ​បាន​ការពារ​កុំ​ឲ្យ​ខូចខាត»។

​លោក​បន្ត​ថា​ សមត្ថ​កិច្ច​កំពុង​ប្រមូល​ព័ត៌​មាន​ និង​ភ័ស្ដុ​តា​ង​បន្ថែម​ ចំពោះ​ទីតាំង​ផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ក្រុម​អ្នក​លក់​តាម​អន​ឡាញ ​(Online) ​ដើម្បី​ចាត់​​វិធាន​ការ​នេះ​ដែរ។​ ផលិត​ផល​ទាំង​នេះ ​មាន​ការ​នាំចូល​តាម​ច្រក​ផ្សេងៗ​គ្នា​ ដូច​ជា​តាម​​ច្រក​ព្រំដែន​ និង​តាម​យន្ត​ហោះ​ជា​ដើម។ ​ក្នុង​រយៈ​ពេល ៤​ ខែ​ ក្នុង​​ឆ្នាំ ​២០១៩ ​នេះ ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឃាត់ ​និង​បង្ក្រាប​បទ​ល្មើស​ចំនួន​ជាង​ ១០ ​ករណី​ផ្សេងៗ​គ្នា។

​លោក ​សន ​ជ័យ ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​ (ANSA)​ បាន​អះ​អាង​ដោយ​រិះគន់​ថា ករណី​បទ​ល្មើស​ជួញ​ដូរ​ផលិត​ផល​ក្លែង​ក្លាយ ​និង​ឱសថ​ជំនួយ​ផ្លូវ​ភេទ​នេះ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​មុខ​សញ្ញា​ដដែលៗ​ ដោយ​សារ​ករណី​មួយ​ចំនួន​មាន​មន្ត្រី​មាន​ឥទ្ធិ​ពល​នៅ​ពី​ក្រោយ​ខ្នង​ឃុប​ឃិត​គ្នា​ ដើម្បី​បិទ​បាំង​បទ​ល្មើស​ជា​ថ្នូរ​នឹង​លុយ​កាក់។