ប្រទេសចិន និងកូរ៉េខាងជើង បើកច្រកព្រំដែនថ្មី

បរទេស៖ ទីក្រុងចិន បានបើកច្រកព្រំដែនថ្មី ជាមួយកូរ៉េខាងជើង ដោយនៅទីនោះមានបំពាក់ឧបករណ៍រាវរកវិទ្យុសកម្ម ទោះបីជាកិច្ចចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង មិនបានឈានដល់កិច្ចព្រមព្រៀងក៏ដោយ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានចុះផ្សាយកាលពីថ្ងៃអង្គារថា ផ្លូវហាយវ៉េថ្មីឆ្លងកាត់ព្រំដែននេះ បានបើកនៅភាគឦសាននៃទីក្រុងជីអានកាលពីថ្ងៃចន្ទ ដែលបំពេញបន្ថែមកំពង់ផែ ដែលមានស្រាប់ចំនួនបីរបស់ខ្លួន ជាមួយកូរ៉េខាងជើង ។

ទីក្រុងនេះបាននិយាយថា “បន្ទាប់ពីបីឆ្នាំនៃការខិតខំប្រឹងប្រែងឥតឈប់ឈរ ច្រកផ្លូវហាយវ៉េចិន – កូរ៉េខាងជើង Ji’an-Manpo ត្រូវបានបើកជាផ្លូវការ” ។ គម្រោងនេះមានតម្លៃ 280 លានយ័ន (42 លានដុល្លារអាមេរិក) ហើយទីក្រុងនេះប៉ាន់ប្រមាណថា មានទំនិញប្រមាណ 500.000 តោន និងមនុស្សប្រមាណ 200.000 នាក់នឹងឆ្លងកាត់កំពង់ផែថ្មីនេះជារៀងរាល់ឆ្នាំ ។ ប៉ុន្តែទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើប្រទេសខាងជើង ដោយក្រុមប្រឹក្សាសន្តិសុខនៅឆ្នាំ2016 និងឆ្នាំ2017 បានធ្វើឱ្យពាណិជ្ជកម្មរវាងសម្ពន្ធមិត្តសង្រ្គាមត្រជាក់ទាំងពីរត្រូវអាក់ខាន ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងជើង ខណៈពេលដែលទីក្រុងព្យុងយ៉ាង ស្ទើរតែគ្មានស្ថិតិសេដ្ឋកិច្ចរបស់ខ្លួន ដោយប្រទេសចិនបង្ហាញថា ការនាំចេញរបស់ប្រទេសឯកាមួយនេះ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះជាង 90% ចាប់តាំងពីឆ្នាំ2016 មកត្រឹម 213លានដុល្លារកាលពីឆ្នាំ២០១៨ ។ ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម គឺជារបៀបវារៈកំពូលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់កិច្ចប្រជុំកំពូលហាណូយ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ ។ ប៉ុន្តែកិច្ចប្រជុំនេះបានបរាជ័យ ដោយគ្មានសេចក្តីថ្លែងការណ៍ ឬសូម្បីតែអាហារថ្ងៃត្រង់រួមគ្នាក៏ភាគីទាំងពីរមិនយល់ស្របដែរ ។

បន្ទាប់ពីពិធីបើកច្រកព្រំដែនមក មានអ្នកទេសចរ 120នាក់ដំបូងបានឆ្លងកាត់ព្រំដែន ។ ទេសចរណ៍ចិនទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ (ស៊ីនហួរ ថ្ងៃទី១០ ខែមេសា)