Huawei P20 Lite ចេញ​ជា​ផ្លូវ​ការ​ហើយ តម្លៃ​ឡើង​ម៉ាអេម​

ក្រោយ​ពី​លេច​ធ្លាយ​អស់​មិន​ចេះ​តិច​ដង​ ទី​បំផុត​​ស្មាតហ្វូន​ Huawei P20 Lite បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប។ នៅ​ក្នុង​ទីផ្សារ​​ផ្សេង​ទៀត​ P20 Lite អាច​ប្ដូរ​ឈ្មោះ​ថា​ Nova 3e។

រូបរាង​របស់​ P20 Lite មិន​ចាំ​បាច់​ធ្វើ​ការ​ពណ៌នា​បន្ថែម​ទៀត​នោះ​ទេ ដោយ​សារ​វា​មាន​រូបរាង​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង​រូបភាព​លេច​ធ្លាយ​កន្លង​មក។ មាន​អេក្រង់​ដែល​ឆែប​មួយ​ដុំ និង មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ។

អេក្រង់​របស់​ P20 Lite មាន​ទំហំ​ ៥,៨៤ អ៊ីញ​ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD+ ដែល​មាន​មាត្រដ្ឋាន​ 18:9។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Kirin 659 មាន​ RAM ទំហំ​ ៤ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៦៤ GB មាន​រន្ធ​សម្រាប់​ដោយ​មេមូរី​កាត។

កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​​រួម​ផ្សំ​គ្នា​ដោយ​​កាមេរ៉ា​មេ​កម្រិត ១៦ MP និង​កាមេរ៉ា​មួយ​ទៀត​កម្រិត ២ MP។ យ៉ាងណាក្ដី​កាមេរ៉ា​ភ្លោះ​នេះ​មិន​មែន​ផលិត​រួម​គ្នា​ជា​មួយ​ Leica នោះ​ទេ ដើម្បី​​​កាត់​បន្ថយ​ការ​ចំណាយ។ នៅ​ខាង​ក្រោយ​នេះ​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

P20 Lite មាន​ថ្ម​ទំហំ​ ៣០០០ mAh អាច​សាក​ថ្ម​តាម​រន្ធ​ USB Type-C និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.0។ មាន​បំពាក់​នូវ​រន្ធ​កាស​ 3.5 mm និង Wi-Fi ហើយ​ Bluetooth ផង​ដែរ។

​P20 Lite នឹង​មាន​លក់​​​នៅ​លើ​ទីផ្សារ​អឺរ៉ុប​នា​ថ្ងៃ​ទី​ ១ ខែ​មេសា​ ដោយ​មាន​តម្លៃ​ប្រមាណ​ ៤៣៥ ដុល្លារ។ ជម្រើស​ពណ៌​មាន​ ៣ គឺ​ពណ៌​ខ្មៅ, ពណ៌​ខៀវ និង ពណ៌​ផ្កាឈូក៕​