កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិ ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈម ដែលកើតមានពីការវិវត្តនៃបច្ចេកវិទ្យា

(អាមេរិក)៖ នាឱកាសថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដើម្បីប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានថ្លែងថា កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងារ ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈម ដែលកើតមានពីការវិវត្តនៃបច្ចេកវិទ្យា។

កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងឱ្យដឹងថា ការប្រារព្ធខួប១០០ឆ្នាំ នៃភ្នាក់ងារឯកទេសខាងការងាររបស់អង្គការសហប្រជាជាតិ ដែលមានវ័យចំណាស់មួយនេះ ជាការឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់អង្គការ ILO ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងបង្កើតឱកាសការងារសម្រាប់ជនគ្រប់រូប នាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនក្នុងឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំ របស់អង្គការ ILO ដែលវាក៏ស្របគ្នានឹងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការ ILO។ កម្ពុជានឹងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ដើម្បីបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មីនៃបដិវត្តឧស្សាហកម្ម ៤.០។

រដ្ឋមន្ត្រីក្រសួងការងាររបស់កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ខណៈដែលយើងកំពុងឈានចូលទសវត្សទី២ នៃការលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យសម្រាប់ជនគ្រប់រូប កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងារ (Future of Work Initiative) ដែលជាគន្លឹះរួមសម្រាប់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានាត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមក្នុងការគ្រប់គ្រងបញ្ហាប្រឈមនានា ពិសេសការផ្លាស់ប្ដូរជំនាញ ដែលកើតមានឡើងពីការវិវត្តនៃបច្ចេកវិទ្យា»។

នៅក្នុងឱកាសជាប្រវត្តិសាស្ត្រនោះ ឯកឧត្តម រដ្ឋមន្ត្រី អ៉ិត សំហេង បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយអង្គការ ILO ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅថ្មីៗនេះ កម្ពុជាបានចុះអនុស្សរណៈជាមួយអង្គការ ILO និងដៃគូត្រីភាគីផ្សេងទៀត ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់ឆ្នាំ២០១៩-២០២៣ ដោយផ្តោតលើគោលបំណងធំៗចំនួន ៣ចំណុច៖

ទី១៖ បន្តអភិវឌ្ឍន៍មុខរបរ និងការងារ និងសហគ្រាសឱ្យស្របតាមការវិវត្តសង្គម និងបច្ចេកវិទ្យា។

ទី២៖ ការពង្រឹង និងពង្រីកកិច្ចការសង្គមដល់ស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះ។

ទី៣៖ បន្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ ដោយរួមទាំងពលករទេសន្តប្រវេសន៍ផងដែរ។

បើតាម ឯកឧត្តម អ៉ិត សំហេង កម្ពុជានឹងបន្តអនុវត្តយ៉ាងហ្មតចត់នូវបណ្ដាអនុសញ្ញានានាដែលខ្លួនបានផ្ដល់សច្ចាប័ន ពិសេសអនុសញ្ញាស្នូលទាំង៨ ដើម្បីធានាថា សិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញ គ្មានការរើសអើង ដោយឈរលើគោលការណ៍នីតិរដ្ឋ ដែលជាជំហានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ពិសេសគោលដៅអភិវឌ្ឍន៍ទី៨៕