លោក ស សុខា ៖ ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោលបំណងរម្លឹកគុណដល់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន

(ភ្នំពេញ)៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោលបំណងរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។

ការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងពហុកីឡដ្ឋានជាតិ ដើម្បីផ្សព្វផ្សាយការប្រកួតនេះឲ្យកាន់តែទូលំទូលាយ សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា នឹងរៀបចំពិធីសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ រួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយវិស័យកីឡា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតខាងលើ សហព័ន្ធបានដាក់វិញ្ញាសា ប្រកួតចំនួន៨ រួមមាន៖ បុរស(ពាន់ធំ) ៣នាក់ ទល់៣នាក់ (បម្រុង១នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០២) យុវនារី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២) ។

ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។

ការប្រជុំចាប់ឆ្នោតប្រកួត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅ ទីលានកីឡាប៉េតង់(ក្នុងពហុកីឡដ្ឋានជាតិ) ៕

ដោយ៖ កូនដូច

សម្រួលផ្សាយ៖ Micheal