ខួបកំណើត​កូន​ថ្ងៃស្អែក បែរជា​បុណ្យសព​កូន​ទៅ​វិញ

ខេត្ត​កែប ៖ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ គុណ​វត្ត​ន៍ ភេទ​ប្រុស គម្រប់​អាយុ​២​ឆ្នាំ នៅ​ថ្ងៃ​ទី​២១ មីនា ព្រឹកស្អែក​នេះ ហើយ​ម្ដាយ​ឪពុក​របស់​គេ​ក៏​មាន​គម្រោង​ធ្វើ​ពិធី​ខួបកំណើត​ឲ្យ​ជន​រង​គ្រោះ​នៅ​ថ្ងៃ​ទី​២១ មីនា ផង​ដែរ​។ ជន​រង​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​នេះ​ឈ្មោះ គុណ​វន្ត​ន៍ មាន​អាយុ​គម្រប់​២​ឆ្នាំ នៅ​ថ្ងៃ​ទី​២១ មីនា ២០១៨ នៅ​ភូមិ​អូ​ក្រសា សង្កាត់​អូ​ក្រសា ក្រុងកែប​ខេត្ត​កែប​។ តាម​ការ​ឲ្យ​ដឹង​ពី​ជីតា​ក្មេង​ប្រុស​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថាចៅ​របស់​គាត់​បាន​ដើរ​តាម​គាត់​ពេល​ដឹកគោ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ក្រោយ​ផ្ទះ​ប្រហែល​ជាង​១០០​ម៉ែត្រ​។

ទីកន្លែងកើតហេតុ

ជីតា​របស់​ជន​រង​គ្រោះ បាន​និយាយ​ប្រាប់​បន្ត​ថា ពេល​ដឹកគោ​មក​ចង​ខាងក្រោយ​ផ្ទះ គាត់​បានឃើញ​ចៅប្រុស​គាត់​ដើរ​ក្បែរ​ស្រះ​ទឹក មាន​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ដែរ តែ​គាត់​បាន​ប្រញាប់​ដឹកគោ​ទៅ​ចង​តែ​មួយ​ភ្លែត ស្រាប់តែ​ងាក​មក​វិញ​បាត់​ចៅ តែ​តាម​ការ​សន្និដ្ឋាន​គឺ​ចៅប្រុស​គាត់​ពិតជា​បាន​លង់ទឹក​ស្លាប់​ហើយ​។ ទោះជា​បែប​ណា​អ្នក​ភូមិ​ជា​ច្រើន​នាក់​មុជទឹក ចុះ​រាវរក​សព​តែ​រក​មិនឃើញ លុះដល់​យក​ម៉ាស៊ីនបូមទឹក​២​គ្រឿង​ទើប​បូ​ប​រីង​ទឹក ឃើញ​សព​ជន​រង​គ្រោះ​នៅ​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​២០ មីនា​នេះ​។ អ្នក​ភូមិ​អូ​ក្រ​សាបាន​និយាយ​ថា ម្ដាយ​ឪពុក​បាន​ទិញ​អីវ៉ាន់​រៀបចំ​ធ្វើ​ខួបកំណើត​ឲ្យ​កូន (​ជន​រង​គ្រោះ​) នៅ​ថ្ងៃ​ទី​២១ មីនា ដូច​ទិញ​យក​មក​ធ្វើ​បុណ្យសព​កូនប្រុស​៕