សេដ្ឋកិច្ច​របស់​អាស៊ី​អាគ្នេយ៍​​នៅ​តែ​រឹងមាំ ទោះ​ជា​សេដ្ឋកិច្ច​ពិភព​លោក​ថមថយ

បរទេស៖​ សេដ្ឋកិច្ច​របស់​​សិង្ហបុរី និង​ប្រទេស​ផ្សេង​​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​អាច​នៅ​តែ​មាន​ភាព​រឹងមាំ​ ​ក្នុង​គ្រា​ដែល​មាន​សញ្ញា​មិន​ល្អ​កាន់​តែ​ខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Heng Swee Keat រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី​ នៅ​ដើម​សប្តាហ៍​នេះ។

លោក Heng បាន​ប្រាប់​ទូរទស្សន៍ Bloomberg នៅ​ក្រៅ​ជំនួប​កិច្ច​ប្រជុំ​របស់​សមាគម​អាស៊ាន​នៅ​ខេត្ត​ឈៀងរ៉ៃ​ ប្រទេស​ ​ថៃ ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ ១០ ដែល​ជា​សមាជិក​​អាស៊ាន «និង​សេដ្ឋកិច្ច​​​អាស៊ាន​ទាំង​មូល បន្ត​កើន​ឡើង​ល្អ​គួរសម​នៅ​​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​នឹង​នៅ​តែ​មាន​កំណើន​បើ​ទោះ​ជា​កំណើន​សេដ្ឋកិច្ច​មិន​មាន​តុល្យភាព​នៅ​ទូទាំង​ពិភព​លោក​​ក្តី ហើយ​​​វា​នឹង​ស្ទុះ​ងើប​យឺត​ជាង​​ពេល​មុន»។

កំណើន​សេដ្ឋកិច្ច​ពិភព​លោក​​​បាន​បាត់បង់​សម្ទុះ​​ចាប់​ពី​ដើម​ឆ្នាំ​នេះ​មក ដែល​ជា​ការ​​វាយ​ប្រហារ​មួយ​សម្រាប់​ប្រទេស​​ដែល​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​សិង្ហបុរី។ សម្រាប់​​ពេល​​​បច្ចុប្បន្ន កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ហាក់​ដូច​ជា​យឺត ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ព្យាករ​ថា​នឹង​កើន ៤,៩ ភាគរយ​នៅ​ឆ្នាំ ២០១៩ នេះ។

នៅ​​សិង្ហបុរី អាជ្ញាធរ​មើល​​ឃើញ​ការ​ថមថយ​​សេដ្ឋកិច្ច​ ដែល​ទាប​ជាង​ចំណុច​កណ្តាល​​​​បន្តិច​​នៃ​អត្រា​កំណើន​ចន្លោះ​ពី ១,៥ ទៅ ៣,៥ ភាគរយ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​កើន​​ ៣,៣ ភាគរយ ​កាល​​ពី​ឆ្នាំមុន ហើយ​អតិផរណា​នៅតែ​ស្ថិត​​នៅ​ទ្រឹង។ លោក Heng ​ថ្លែង​ថា ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​មិន​​ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​នោះ​ទេ​ក្នុង​ដំណាក់​កាល​នេះ៕