ល្ងាចនេះ តើ ណាហ្គាវើលដ៍ ឬ វិសាខា ជាម្ចាស់ពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០២០?

(ភ្នំពេញ)៖ ក្រុមជើងឯកពានសម្ដេចមួយសម័យកាល ណាហ្គាវើលដ៍ ត្រូវប៉ះក្រុមវិសាខា ដែលជាក្រុមទើបឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូងឆ្នាំនេះចាប់ពីវេលាម៉ោង ៦:០០ ល្ងាចតទៅនៅថ្ងៃទី៧ វិច្ឆិកា ឯពហុកីឡដ្ឋានជាតិ។ ចំណែកក្រុម ភ្នំពេញក្រោន ត្រូវជួប ព្រៃវែង ចាប់ពីវេលាម៉ោង ៣:៣០ តទៅ នៅថ្ងៃ និង ទីកន្លែងដដែល។ តើជើងឯកឆ្នាំ២០២០ នេះបានទៅលើក្រុមណា?

លោក មាស ចាន់ណា គ្រូបង្គោល ណាហ្គាវើលដ៍ បាននិយាយថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះនឹងធ្វើឲ្យអ្នកគាំទ្រដែលចូលទស្សនាផ្ទាល់រំភើបខ្លាំង និង ស្វិតស្វាញបំផុតដើម្បីបង្ហាញអំពីភាពរីកចម្រើននៃបាល់ទាត់ជាតិ។ លោកបន្តថាទោះសមាជិកមួយចំនួនមានបញ្ហាភ្នែក ប៉ុន្តែ ឥឡូវបានហ្វឹកហាត់ជុំគ្នាដើម្បីត្រៀមខ្លួនប៉ះវិសាខា រួចជាស្រេចទៅហើយ។

ចំណែកលោក Colum Curtis គ្រូបង្គោល វិសាខា និយាយថា លោកសប្បាយចិត្តដែលនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯក។ ក្រុមរបស់លោកនឹងខិតខំធ្វើយ៉ាងណាឲ្យល្អប្រសើរជាងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពានរង្វាន់នេះពិតជាសំខាន់ណាស់ និង អាចឆក់ឱកាសទៅលេង AFC Cup 2021 វគ្គ Play-off ទៀតផង។

គួររម្លឹកថា មុនឡើងវគ្គផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ័ ទម្លាក់ក្រុម៤សម័យ ព្រះខ័នរាជស្វាយរៀង ដោយគ្រាប់បាល់សរុបទាំងពីរជើង ៤-៣ នៅវគ្គ ៨ក្រុមចុងក្រោយ មុនពេលយកឈ្នះភ្នំពេញក្រោន ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ (ចប់ ៩០ នាទី ស្មើ ០-០) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

រីឯ វិសាខា ឈ្នះ បឹងកេត ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ (សរុបពីរជើង ស្មើ ៤-៤)។ បន្ទាប់មក វិសាខា ឈ្នះ ព្រៃវែង ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៩-៨ (ចប់ ៩០នាទី ស្មើ ០-០) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ដោយ៖ Yuth