ឯកឧត្តម ស សុខា ៖ ៩ខែវិច្ឆិកាឆ្នាំ១៩៥៣ កម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរណ៍ ហើយកម្ពុជាទទួលបានមកវិញនូវសិទ្ធិសម្រេចលើជោគវាសនារបស់ប្រទេសជាតិដោយខ្មែរខ្លួនឯង

(ភ្នំពេញ) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖  ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីអាណានិគមនិយមបារាំង កម្ពុជាទទួលបានមកវិញនូវសិទ្ធិសម្រេចលើជោគវាសនា របស់ប្រទេសជាតិ ដោយខ្មែរខ្លួនឯង ដោយស្នាព្រះហស្ត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តម ស សុខា បានសរសេរលើកឡើងទៀតថា ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យពេញលេញ និងដោយមានព្រះវត្តមានព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម ព្រះអង្គបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតបានធ្វើអោយពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា “កោះសន្តិភាពនាអាសុីអាគ្នេយ៍” ។

ជាទីបញ្ចប់ ឯកឧត្តម ស សុខា ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប ក៏ដូចជា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំ និងដឹងនូវព្រះគុណូបការៈដ៏ធំធេង នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា ជានិច្ចនិរន្តរ៍រៀងទៅ ៕

សម្រួលអត្ថបទ ៖ S.T