សម្តេចក្រឡាហោម ស ខេង ៖ ការប្រកួតប៉េតង់ពាន « គរុគុណ » ជាការបង្កើនគុណភាពឆ្ពោះទៅ ស៊ីហ្គេម ២០២៣

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ពិតជាមានសារៈសំខាន់ណាស់ ដែលជាការំឭកដល់ស្ថានិបសំខាន់ៗ ដែលបានជួយជ្រោមជ្រែងដល់កីឡាប៉េតង់ ឲ្យមានការអភិវឌ្ឍដល់សព្វថ្ងៃនេះ ក៏ដូចជាបង្កើតឱកាសដល់កីឡាករ កីឡាការិនី បានពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតនានា នាពេលខាងមុខ ជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា ជាមួយនឹងការខិតខំរួមគ្នាគ្រប់សមាសភាពភាគីពាក់ព័ន្ធទាំងអស់ បានជំរុញឲ្យវិស័យកីឡាប៉េតង់កម្ពុជា ត្រូវបានទទួលស្គាល់ និងទទួលការកោតសរសើរ បានកសាងនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធអន្តរជាតិជាច្រើន ជាបន្តបន្ទាប់ តាមរបាយការណ៍លើកឡើងរបស់ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា គោលបំណងនៃការប្រកួតកីឡាប៉េតង់ ពានរង្វាន់ គរុគុណ នេះ គឺដើម្បីជាការរំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃៗទៀត ដែលបានខិតខំជំរុញឲ្យកីឡាប៉េតង់ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលគិតមកដល់បច្ចុប្បន្ន ប៉េតង់កម្ពុជាឈ្នះមេដាយអន្តរជាតិសរុបចំនួន ៣០៦គ្រឿង ក្នុងនោះ មាស៨៨គ្រឿង ប្រាក់១០៨ និងសំរឹទ្ធ១១០គ្រឿង។ ជាមួយគ្នានោះ ក្នុងនាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបង្ហាញនូវអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំធ្វើកំណែទម្រង់វិស័យកីឡា តាមគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកីឡាឆ្នាំ២០១៩-២០២៣ និងតាមផែនការមេនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតបានឲ្យដឹងថា ជ័យលាភីលើវិញ្ញាសាចំនួន៨នេះ រួមមាន៖ ពានធំបុរស (៣ទល់៣) លេខ១ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី, លេខ២ ក្រសួងមហាផ្ទៃ, លេខ៣ ក្លឹបវិស្ណុរាជ។ ពានសមាគម (៣ទល់៣) លេខ១ យោធភូមិភាគពិសេស, លេខ២ ក្រសួងការពារជាតិ, លេខ៣ មន្ទីរអប់រំ យុវជន និងកីឡាខខេត្តកំពង់ធំ។ យុវនារីក្រោម១៨ឆ្នាំ (២ទល់២) លេខ១ ក្រសួងមហាផ្ទៃ, លេខ២ ក្រសួងការពារជាតិ និងលេខ៣ អប់រំកាយកីឡាបាត់ដំបង។ យុវនារីក្រោម១៥ឆ្នាំ (១ទល់១) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី, លេខ២ មិត្តភាពតាកែវ និងលេខ៣ មន្ទីរអប់រំខេត្តព្រៃវែង។ យុវជនក្រោម១៥ឆ្នាំ (១ទល់១) លេខ១ ខេត្តកណ្តាល, លេខ២ តាខ្មៅខេត្តកណ្តាល និងលេខ៣ ក្រសួងមហាផ្ទៃ។ ពានធំនារី (៣ទល់៣) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី, លេខ២ យោធភូមិភាគពិសេស និងលេខ២ ក្រុមសេនារាជសីហ៍។ យុវជនក្រោម១៨ឆ្នាំ (៣ទល់៣) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី , លេខ២ ក្រសួងការពារជាតិ និងលេខ៣ ក្រសួងមហាផ្ទៃ។ វ័យចាស់៥៥ឆ្នាំ (៣ទល់៣) លេខ១ មន្ទីរអប់រំ ខេត្តស្វាយរៀង, លេខ២ រដ្ឋាករទឹកស្វយ័ត និងលេខ៣ ទីស្តីការគណៈរដ្ឋមន្ត្រី ៕

សម្រួល៖ Yuth