ម៉ារីម៉ា និងប្ដី​ខំ​ប្រឹង​ហាត់ប្រាណ​ស្ទើររាល់​ថ្ងៃ​ ដើម្បីត្រៀម​ខ្លួន​យក​កូន១ទៀត

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង​ហ្វីលីពីន​ទាំង​ ២​គឺ​ Dingdong Dantes និង​ Marian Rivera បាន​ចំណាយ​ពេល​ធ្វើ​កំហាត់​ប្រាណ​ញឹកញាប់​ ដើម្បី​មាន​សុខភាព​មាំមួន​ ពិសេស​ក៏​ព្រោះ​តែ​គម្រោង​យក​កូន​ថែម​ដែរ។

Marian Rivera ហៅ​ម៉ារីម៉ា​ បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ នាង​ខិតខំ​ហាត់​ប្រាណ​រាល់​ថ្ងៃ​ លើក​លែង​ថ្ងៃ​អាទិត្យ ព្រោះ​រវល់​ការងារ។ ពីមុន​នាង​មិន​មែន​ជា​មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​អ្វី​នោះទេ​ បើ​ធ្វើ​ក៏​យូរៗ​ម្ដង​ដែរ​ ប៉ុន្តែ​ដោយសារ​ពេល​នេះ​នាង​មាន​កូន​ស្រី​ ដូចនេះ​នាង​ចង់​រក្សា​សុខភាព​ខ្លួន​ឲ្យ​រឹងមាំ​ ដើម្បី​មើល​ថែកូន ជាពិសេស​ក៏​សម្រាប់​គម្រោង​ពរ​ពោះ​នា​ពេល​ខាង​មុខដែរ។

តារា​ស្រី​រូប​នេះ​នៅ​បង្ហើប​ទៀត​ថា​ នាង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​យក​កូន​ទី​ ២ ហើយ​ទាំង​នាង​ និង​ស្វាមី​កំពុង​ព្យាយាម​ឲ្យ​បាន​បុត្រ​មួយ​ទៀត​ ដើម្បី​ឲ្យ​ Zia (កូន​របស់ម៉ារីម៉ា) មាន​ប្អូន​នឹង​គេ។ ម៉ារីម៉ា​នៅ​បន្ត​ទៀត​ថា​ នាង​ចង់​បាន​កូន​ឲ្យ​បាន​ច្រើន​ ដើម្បី​ក្លាយ​ជា​គ្រួសារ​ធំ​មួយ ប៉ុន្តែ​ស្រេច​លើ​ទេវតា​ជា​អ្នក​កំណត់​ប្រទាន​ឲ្យ​ពេល​ណា​ទៅ​ចុះ៕