គម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងបើករោងចក្រកែច្នៃផ្លែឈើ នៅខេត្តត្បូងឃ្មុំ សរុបទុនវិនិយោគជាង១០០លានដុល្លារ ត្រូវបាន CDC អនុម័ត !

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនចំនួន២ បើកគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគចំនួន៩៨លានដុល្លារអាមេរិក និងគម្រោងបង្កើតរោងចក្រ កែច្នៃផ្លែឈើ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ១១.៩លានដុល្លារអាមេរិក។

CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ KIM PICH DEVELOPMENT CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹមវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត និងគម្រោងផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគចំនួន ៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១១៥កន្លែង។

២៖ LBN AGRICULTURE CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, Sweet Mango Chutney, Mango Candy, Mango Squash, Mango Pickle…) ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ១១.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង៕