ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ នឹងប្រជុំពិភាក្សាច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និង បោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម 

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០នេះ ព្រឹទ្ធសភាកម្ពុជា នឹងប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់លើពិធីសារខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក រវាង កម្ពុជានិងវៀតណាម  ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅកំណត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់។

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុននាង សមាជិក និង ជាអ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំអចិន្ដ្រៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបន្តសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤ សុំដាក់សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកព្រឹទ្ធសភាទី៦នីតិកាលទី៤។

ឯកឧត្តម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺពិតជាមានសារសំខាន់ ដើម្បីកំណត់ព្រំដែន និងកែប្រែតំបន់ព្រំដែន ឱ្យកាន់តែមានសន្ដិភាព និងការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន និងកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះ ព្រឹទ្ធសភា ក៏នឹងពិភាក្សានិងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ចំនួន៥បន្ថែមទៀត រួមមានៈ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង ជប៉ុន ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ,សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា និង ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕

សម្រួលអត្ថបទ ៖ S.T