Macbook Pro 13 ប្រើឈីប M1 ថ្មីត្រូវបាន​ Apple ហៅថា​ជាកុំព្យូទ័រ Mac ដែល​កាន់​ថ្ម​បំផុត

ម៉ាស៊ីន MacBook Pro 13 គឺជាម៉ាស៊ីន Pro តែមួយគត់ដែលបានដំណើរ​ការដោយបន្ទះឈីប M1 ដែលរចនាដោយ Apple។

ជាមួយ​នឹងស៊ីភីយូ ៨ គ្រាប់ និង GPU Apple M1 ៨គ្រាប់ ម៉ាស៊ីន MacBook Pro ១៣ បង្កើតកូដនៅក្នុង Xcode លឿនជាងIntel ២,៨ ដង ថែមទាំងRender 3D ក្នុង Final Cut Pro លឿនជាង​មុន​រហូតដល់ ៥.៩ដង។

MacBook Pro 13 អ៊ីញ មានភ្ជាប់មកជាមួយកង្ហាពិសេស ដែលអាចកាត់បន្ថយកម្តៅបានយ៉ាងល្អ ដែលធ្វើអោយ Macbook កាន់តែប្រើថាមពលថ្មអស់តិច ដោយក្នុងនោះ Apple និយាយថា វាមានថាមពលអាចកាន់បានយូរបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ MacBook នោះទេ ពោលគឺសម្រាប់ការប្រើលើ Web Browsing វាអាចកាន់បានដល់ 18 ម៉ោង ខណៈពេលដែលប្រើលើមើលវីដេអូវិញ វាអាចកាន់បានដល់ទៅ 20 ម៉ោងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ផតវិញ វាក៏មានភ្ជាប់មកជាមួយរន្ធ USB-C ចំនួន 2 ដោយមួយអាចគាំទ្រ USB 4 និងមួយទៀតគាំទ្រ Thunderbolt 4 ដូច្នេះវាអាចដំណើរការជាមួយ Pro Display XDR ដែលមានកម្រិតបង្ហាញ 6K នោះ បានយ៉ាងពេញលេញតែម្ដង។

សម្រាប់ជម្រើសរ៉េម និងអង្គផ្ទុកវិញ ជម្រើសដំបូងបំផុត និងចាប់ផ្តើមពីរ៉េម 8GB ជាមួយអង្គផ្ទុក 256GB ឡើងទៅ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់ផ្នែករ៉េមនេះ អ្នកទិញមានជម្រើសបន្ថែមតែមួយទៀតប៉ុណ្ណោះគឺទំហំ 16GB ខណៈពេលដែលអង្គផ្ទុក SSD វិញ គេនៅមាន 3 ជម្រើសទៀតគឺ 512GB, 1TB និង 2TB ផងដែរ។ សម្រាប់ MacBook Pro 13 អ៊ីញជំនាន់ថ្មី ដែលមានប្រើប្រាស់ឈីប M1 នេះដែរ គឺត្រូវបាន Apple ដាក់លក់ក្នុងតម្លៃខ្ទង់ចាប់ពី ៥ លាន ២០​ ម៉ឺនរៀល ឬ 1,299 ដុល្លារសម្រាប់ជម្រើសទាបបំផុត ហើយនៅក្នុងនោះដែរ ក៏សូមបញ្ជាក់ថា Apple នៅតែបន្តលក់ជម្រើស MacBook Pro ប្រភេទខាងលើ ដែលប្រើ Processor Intel ដដែល ហើយសម្រាប់ជម្រើសរបស់វានោះ ក៏មានតម្លៃចាប់ផ្តើមថ្លៃជាងម៉ូឌែលដែលប្រើឈីប M1 ដែរ ពោលគឺចាប់ពី ៦ លានរៀល ឬ 1,499 ដុល្លារឡើងទៅ ព្រោះថាជម្រើសទាបបំផុតរបស់វា មានរ៉េម និងអង្គផ្ទុកធំជាង ថែមទាំងមានរន្ធ USB-C ដល់ទៅ 4 ផតឯណោះ។

ដោយ៖ Vireak