ស្ថានទូតកម្ពុជាប្រចាំនៅវ៉ាស៊ីនតោន ប្រតិកម្មជាមួយអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ដែលថា ស្ថានទូតមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិកបានប្រតិកម្មជាមួយការលើកឡើងរបស់អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង លោកស្រី មូរ សុខហួរ ក្រោយពីដាក់លិខិតទៅកាន់ស្ថានទូត កាលពីកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានអះអាងថា ស្ថានទូតយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋខ្មែរទាំងអស់ ប៉ុន្តែមិនបានសហការជាមួយបុគ្គលក្រៅច្បាប់ឡើយ ដូច្នេះមិនអាចចោទប្រកាន់ថា ស្ថានទូតមិនរវល់ជាមួយប្រជាពលរដ្ឋបានឡើយ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោកស្រី មូរ សុខហួរ បាននៅដាក់នៅស្ថានទូតកម្ពុជា ប្រចាំនៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញ ដល់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន១១រូប ប៉ុន្តែត្រូវបានខាងស្ថានទូតមិនចេញទទួល។

បើតាមអ្នកនាំពាក្យស្ថានទូតកម្ពុជាបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើងនៅមុខស្ថានទូត កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ហើយស្ថានទូតមិនអើពើនោះ គឺជាវត្តមានរបស់បុគ្គលមួយគ្រាប់តូចក្រោមផ្លាករបស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចរំលាយចោល តាមសាលដីកាចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយនៅកម្ពុជា តាមសេចក្តីប្រកាសចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ដូច្នេះករណីនេះ ពុំអាចយកមកប្រើប្រាស់ក្នុងការចោទប្រកាន់ថា សានទូតមិនទទួលជួបពលរដ្ឋខ្មែរនោះបានឡើយ។

ជាមួយគ្នានោះ អ្នកនាំពាក្យស្ថានទូតកម្ពុជានៅសហរដ្ឋអាមេរិកបានទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋាននេះ។ ស្ថានទូតអះអាងថា “ស្ថានទូតផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រជាពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ”។

អ្នកនាំពាក្យស្ថានទូតបញ្ជាក់ថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ថានទូតបានប្រើដោយការយកចិត្តទុកដាក់ជាពិសេសដល់ការលើកកម្ពស់ទំនាក់ទំនងរបស់ស្ថានទូតជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេស ដែលស្ថានទូតតាំងនៅ។ ក្នុងស្មារតីនេះ ស្ថានទូតបាន និងកំពុងខិតខំបំពេញ ដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់នូវសេវាផ្សេងៗដល់ពលរដ្ឋខ្មែរទូទៅ ស្របទៅតាមសំណូមពរ និងតម្រូវការរបស់បងប្អូនទាំងអស់ និងលទ្ធភាពជាក់ស្ដែងរបស់ស្ថានទូត។

សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្ស សង្គ្រោះជាតិទាំង១១ រូបនោះរួមមាន ១. អ្នកស្រី មូរ សុខ ហួរ , ២. លោក អេង ឆៃអ៊ាង , ៣. លោក ហូរ វ៉ាន់ , ៤. លោក ឡុង រី , ៥. លោក សោ ចាន់ដេត , ៦. លោក គង់ សភា ,៧. លោក វ៉ាន់ ណារិទ្ធ , ៨. លោក ដាង ចំរើន , ៩. លោក ញឹម គិមញុល , ១០. លោក ហេង ដាណារ៉ូ និង១១. លោក ម៉ន ផល្លា៕
ដោយ៖ ភក្តី
សម្រួលផ្សាយ៖ ភូរៈ