សិក្ខាកាម១០រូបក្នុងចំណោម២២រូបទទួលបាននិទ្ទេសល្អ

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកាយសម្ព័ន្ធកម្រិត១(Level 1 Class P-1 and Class P-2)ដែលបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំងពីថ្ងៃទី
៨មកនោះបានបញ្ចប់ហើយនៅព្រលប់ថ្ងៃទី១២វិច្ឆិកា ។

វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២រូបក្នុងនោះមាន៦រូបជានារីដែលមកពីរាជធានីភ្នំពេញចំនួន៤រូប ខេត្តកំពង់ឆ្នាំងចំនួន១៣រូប ខេត្តក្រចេះចំនួន៤រូប និងខេត្តកំពង់ចាមចំនួន១រូប ។ ជាវគ្គមួយដែលបើកឡើងដោយចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ។

វគ្គនេះឧទ្ទេសនាមដោយលោកណយ ផាណាដែលជាអគ្គលេខាធិការសហព័ន្ធ និងគរូជំនួយគឺលោកសោ សុផេងដែលជាគ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលមានកម្រិតបច្ចេកទេសFIG Academy Level-1 and Level-2in Artistic and Aerobic Gymnastic ។

វគ្គនេះគឺសិក្សាលម្អិតទាំងទ្រឹស្ដី នៃការបង្ហាត់ ព្រមទាំងការអនុវត្តន៍លើទីលានដោយឆ្លងកាត់ការប្រឡងទាំងទ្រឹស្ដី និង ការអនុវត្តន៍លើទីលាន
​ផ្ទាល់តែម្ដង ។

វគ្គនេះធ្វើឡើងក្នុងបំណងផ្ដល់ជំនាញមួយច្បាស់លាស់ដល់គ្រូបង្វឹក មន្ត្រីបច្ចេកទេសឲ្យមានជំនាញច្បាស់លាស់ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងការប្រកួតកីឡាជាតិនាពេលកខាងមុខ និង ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
​នោះ ។

តាមរយៈការធ្វើតេស្ដនោះក្នុងចំណោមសិក្ខាកាមចំនួន២២រូបមាន១០រូបបានទទួលនិទ្ទេសល្អ ៨រូបបានទទួលនិទ្ទេសល្អបង្គួរ និង៤រូបបានទទួលនិទ្ទេសមធ្យម ។

ក្នុងថានៈជាអគ្គលេខាធិការសហព័ន្ធ និង ជាអ្នកគ្រប់គ្រងវគ្គនោះលោកណយ ផាណាបានបង្ហាញពីឆន្ទៈបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញ ធ្វើសិក្ខាសាលា ឬ កម្មវិធីបោះជម្រំ(Training Cump)ឲ្យបានញឹកញាប់រៀងរាលឆ្នាំដើម្បីលើកកម្ពស់ជម្រុញគុណផល
​កីឡាកាយសម្ព័ន្ធកាន់តែមានសក្ដានុពល ៕

ដោយ៖ កូនដូច (Yuth)