រថយន្ត BMW i4 សាក​បញ្ចូល​ភ្លើង​ម្តង ភ្នំពេញ-សៀមរាប​ទៅ​មក​ស៊ីផុយ

ក្រុមហ៊ុន​ BMW បាន​បញ្ជាក់​ជា​សាធារណៈ​មុន​នេះ​បន្តិច រថយន្ត​អគ្គិសនី​ជំនាន់​ក្រោយ i4 នឹង​អាច​ធ្វើ​ដំណើរ​បាន ៧០០ គីឡូម៉ែត្រ ​រាល់​ការ​សាក​បញ្ចូល​ភ្លើង​ម្តង។

ថ្លែង​ក្នុង​សន្និសីទ​ប្រកាស​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ នាយក​ប្រតិបត្តិ​លោក Harald Kruger មាន​ប្រសាសន៍​ដូច្នោះ​ថា៖ “ជាមួយ​ជំនាន់​ទី ៥ នៃ​បច្ចេកវិទ្យា eDrive រថយន្ត​ជំនាន់​ក្រោយ​របស់​យើង អាច​មាន​សមត្ថភាព​ធ្វើ​ដំណើរការ​ក្នុង​ចម្ងាយ​ផ្លូវ ៥៥០ ទៅ ៧០០ ​គីឡូម៉ែត្រ​ដោយ​ប្រើ​ថាមពល​អគ្គិសនី ហើយ​នោះ​ជា​ម៉ូឌែល i4 និង iNext ត្រៀម​បង្ហាញ​នា​ឆ្នាំ ២០២១”។

កន្លង​ទៅ​គំរូ​រថយន្ត i4 ក៏​ទើប​តែ​ប្រកាស​ក្នុង​ពិព័រណ៍ Frankfurt Motor Show អំឡុង​ឆ្នាំ ២០១៧ ដោយ​គ្រា​នោះ​ក្រុមហ៊ុន​ក៏​បញ្ជាក់​ពី​តម្រុយៗ​ខ្លះ​ថា​ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ដែល​អាច​បើក​បាន​ក្នុង​ចម្ងាយ​ជាង ៦០០ ​គីឡូម៉ែត្រ បង្កើន​ល្បឿន​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ​ប្រើ​ពេល ៤ វិនាទី បន្សំ​ល្បឿន​អតិបរមា ២០០ គ.ម/ម៉។

ជាមួយ​គ្នា​នេះ​ អ្នក​គ្រប់គ្រង​ផ្នែក I division របស់ BMW លោក Robert Irlinger ក៏​បង្ហើប​ស្រដៀង​គ្នា​ពី​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ដោយ​រាប់​ចាប់​ពី​ម៉ូឌែល i3 ដល់ i8 សម្រប​នឹង​ប្រព័ន្ធ​ម៉ូឌុល​កាន់​តែ​ទំនើប​ជាង​មុន។