ទិន្នន័យឯកជនភាពរបស់អតិថិជន ដែលប្រើសេវាកម្មកក់សំបុត្រយន្តហោះនិង សណ្ឋាគារត្រូវបានបែកធ្លាយ

Prestige Software ដែលត្រូវ​បាន​គេ​ស្គាល់​ថា​ជាក្រុមហ៊ុនគ្រប់គ្រង និងផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុនកក់សំបុត្រយន្តហោះ និងសណ្ឋាគារធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ជាដើមនោះ ត្រូវបានក្រុមអ្នកសុវត្ថិភាពបច្ចេកវិទ្យា Website Planet រកឃើញថា បានធ្វើអោយលេចធ្លាយព័ត៌មានឯកជនភាពរបស់អតិថិជនជាច្រើនលាននាក់។ ព័ត៌មានឯកជនដែលលេចធ្លាយនោះមានដូចជា ឈ្មោះ ព័ត៌មានលម្អិតកាតឥណទាន លេខសម្គាល់អតិថិជន និងព័ត៌មានទាក់ទងនឹងការស្នាក់នៅរបស់ពួកគេ។

បើតាមអ្នកស្រាវជ្រាវក៏បានឱ្យដឹងផងដែរថា ការបែកធ្លាយនេះអាចកើតមានតាំងពីឆ្នាំ ២០១៣មកម្ល៉េះ ដែលបញ្ហានេះធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាក់ទងនឹងការបោកបញ្ឆោត ក៏ដូចជាការវាយប្រហារតាមរយៈអនឡាញ។ បញ្ហានេះកើតមានឡើងដោយសារតែការកំណត់មិនបានត្រឹមត្រូវនៅក្នុង Amazon Web Services (AWS) ដែលជាប្រព័ន្ធ Cloud សម្រាប់ផ្ទុកទិន្នន័យសំខាន់ៗរបស់អតិថិជនទាក់ទងនឹងការកក់សំបុត្រយន្តហោះ ឬ សណ្ឋាគាររបស់ពួកគេ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នប្រសិនបើលោកអ្នកបានប្រើសេវាកម្មជាមួយនឹងក្រុមហ៊ុនដែលបានលើកឡើងខាងលើ។

សូមលោកអ្នកធ្វើការតាមដានគណនីប័ណ្ណឥណទានដើម្បីជៀសវាងការប្រើប្រាស់ដោយមិនមានការអនុញ្ញាត និងសូមមានការប្រុងប្រយ័ត្ននៅពេលដែលបានទទួលសារឬអុីមែលពីក្រុមហ៊ុនខាងលើដែលលោកអ្នកមិនបានស្នើសុំដើម្បីជៀសវាងពីការបោកបញ្ឆោតផ្សេងៗ៕

ដោយ៖ Vireak

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department