ជំនឿសត្វខ្លែងស្រាក សត្វតុកកែ និងសត្វ ពស់ ក្នុងសង្គមខ្មែរ ដែលគួរយល់ដឹង …

សត្វ គឺជាផ្នែកមួយនៃធម្មជាតិ មិនខុសគ្នាប៉ុន្មានពីមនុស្សយើងដែរ។ ប្រការនេះយើងអាចយល់បានថា ដោយសារតែក្នុងធម្មជាតិនេះ យើងមិនអាចស្រាវជ្រាវដឹងអស់ថាវាមានរឿងអ្វីកើតឡើង ទើបបណ្ដាលឱ្យបុព្វបុរសយើងពីជំនាន់មុនៗ យកប្រភេទសត្វមួយចំនួនភ្ជាប់ទៅនឹងរឿងរ៉ាវបែបអរូបិយផ្សេងៗ រហូតវាបានក្លាយជាជំនឿចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ន។ ក្នុងនោះមានដូចជា ជំនឿអំពីខ្លែងស្រាកយំលើដំបូលផ្ទះ ជំនឿនាពេលសត្វកុតកែយំ និងជំនឿអំពីសត្វពស់ជាដើម។ យោងតាមកម្រងឯកសារស្ដីពីប្រពៃណី និង ទំនៀុមទម្លាប់ខ្មែរ ដែលជាការៀបរៀងដោយព្រឹទ្ធាចា្យ មៀច ប៉ុណ្ណ បានបញ្ជាក់អំពីជំនឿផ្សេងៗនៃសត្វក្នុងសង្គមខ្មែរឱ្យដឹងថា៖ 

១- សម្រែកខ្លែងស្រាក៖

 ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច។ សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន។

២- ក្អែកបូល៖

 ក្អែកជាបក្សីសម្បុរខ្មៅរលើ។ សត្វនេះ រស់នៅមិនឆ្ងាយពីស្រុកភូមិទេ ព្រោះវាចូលចិត្តឆាប ឆក់ ពងមាន់ កូនមាន់ ឬត្រី សាច់ ដែលអ្នកស្រុក អ្នកភូមិហាលនៅតាមស្នួរក្បែរផ្ទះ។ សត្វនេះមានចរិតផ្អើល ខ្លាច ភ័យសស្លើតសស្លក់។ សត្វនេះថ្វីបើវាផ្អើលខ្លាចមនុស្ស តែវារស់នៅមិនដាច់ឆ្ងាយពីមនុស្សទេ។ ដូច្នេះហើយបានជាធ្លាប់មានរឿងដំណាលផ្សេងៗ និយាយដល់រឿងក្អែក ដូចជារឿងល្បើកលោកឡាហ្វុនតែន ដំណាលអំពី “ក្អែក និងកញ្ជ្រោង… ” ចំរៀងខ្មែរបុរាណ មានចំណងជើងថា “បង្គងក្អែក” ដែលមានអត្ថន័យកម្សត់ស្រងេះស្រងោច សឹងជាចម្រៀងបកស្រាយអំពីទុក្ខចំបែងនៃការនិរាសបែកបាក់គ្នា។ តាមជំនឿតៗ គ្នាមក កាលណាគេឮក្អែកបូល អកវ៉ូវៗ ! ឡូវ ៗ ! ក្រវ៉ាក ៗ ! គេតែជឿថា បងប្អូនគ្រួសារដែលឃ្លាតទៅឆ្ងាយនោះ និងវិល ត្រឡប់មកវិញ។ ម្យ៉ាងទៀត បើវាបន្លឺសូរថា អកវ៉ូវ ! អកវ៉ូវ ! អកវ៉ូវ ! ញាប់រន្ថើនដដែលៗ ច្រើនដងនោះ គេជឿថាមានមនុស្សជាភ្ញៀវ ឬជាសាច់ញាតិមកដល់ភ្លាមៗ ឥឡូវនេះហើយ។ ប៉ុន្តែ គួរឲ្យស្ដាយពន់ពេកណាស់ បច្ចុប្បន្ននេះ ក្មេងៗសាក្រោយមួយចំនួនពុំស្គាល់ក្អែកទាល់តែសោះ ព្រោះតាំងពីស្រុកយើងកើតមានសង្គ្រាម ក្អែកនៅស្រុកខ្មែរទាំងប៉ុន្មាន ត្រូវគេចខ្លួនហើរទៅបាត់អស់ ដើម្បីទៅរស់នៅទីតំបន់ណា ដែលមានសេចក្ដីសុខស្ងប់។

៣- ពស់ឬថ្លាន់ចូលផ្ទះ៖

 សត្វលូនទាំងពីរបែបនេះ ជាធម្មតាមិនសូវចូលចិត្តនឹងមនុស្សម្នា ឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេ លើកលែងតែពស់សង់សឿ ដែលវាចូលមកលំនៅស្ថានមនុស្សម្ដងម្កាល ដើម្បីចាប់កណ្ដុរស៊ីជាអាហារ ។ ពស់ដែលគេធ្លាប់ឃើញចូលផ្ទះ ដោយចៃដន្យនោះ គឺពស់ព្រៃ និងពស់ថ្លាន់។ ពស់ទាំងពីរប្រភេទនេះ មានចរិតស្លូតបូត មិនសាហាវដូចពស់អសិរពិសផ្សេងៗ ទៀតឡើយ។ បើកាលណាវាចូលមកនៅលើផ្ទះ ក្រោមផ្ទះនោះ ចាស់ពីបុរាណកំណត់ថាវាមកឲ្យសុខសប្បាយទេ មិនបង្កនូវភ័យអន្តរាយបែបណាមួយឡើយ។ កាលណាឃើញវាចូលមក គេត្រូវចាប់វាថ្នមៗ ហើយបបោសអង្អែលលាបប្រេង លាបម្សៅរួចដុតធូប និយាយដូចនេះថា “ឯងចូលមកផ្ទះយើងនេះ សូមឯងនាំយកមកនូវលាភជ័យ សេចក្ដីសុខ សេចក្ដីចំរើន សុភមង្គលដល់យើង យើងលែងឯងឲ្យមានសេរីភាព ចូរឯងទៅរស់នៅក្នុងព្រៃឲ្យបានសេចក្ដីសុខចុះ “

៤- តុកកែយំ៖

 តុកកែជាសត្វមួយប្រភេទ ដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្ស ត្រាច់ចរតាមសសរ តាមផ្លាន ផ្ទោង ដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារ។ វាក៏ពងហើយភ្ញាស់កូនបន្តពូជពង្សនៅទីនោះផងដែរ។ ចាស់ ៗ ធ្លាប់ប្រាប់តៗ គ្នាមកថា បើតុកកែណាយំតិចជាង ៧ ម៉ាត់ នោះពុំល្អឡើយព្រោះវាបកស្រាយនូវឋានមពលខ្សោយ (រាសីដាក់ វាសនាតិច) ដែលចាស់ៗ ប្រាប់ឲ្យដេញវាចេញពីផ្ទះ។ បើតុកកែ ណាដែលយំចាប់ពីប្រាំពីរម៉ាត់ រហូតទៅដល់ ១៥ ឬ ១៨ ម៉ាត់នោះ លោកទាយថា ល្អពន់ពេកណាស់ គួរលៃថែរក្សាវាឲ្យនៅជាប្រចាំនៅក្នុងផ្ទះ ព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះ វាជាការបកស្រាយនូវឋាមពលខ្លាំងក្លា (រាសីខ្ពស់ ជោគជតាល្អវិសេស)។

ទោះបីជាយ៉ាង នេះគ្រាន់តែជាការសិក្សាស្រាវជ្រាវ ចងក្រងអំពីជំនឿទាំងឡាយនេះទុកជាមេរៀន ឫជាឯកសារសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យបានដឹងតែប៉ុណ្ណោះ។ ដូច្នេះមិនមែនមានន័យថា តម្រូវឱ្យមិត្តអ្នកអាននិងអ្នកស្ដាប់គួរត្រងត្រាប់ឬត្រូវតែជឿតាមជំនឿទាំងនេះនោះឡើយ៕ ដោយ៖ ភូមិន្ទ