សុគា គីមលាង ក្រៅពីស្អាតហើយ នៅធ្វើរឿងមួយចូលរួមជួយ ដល់មន្ទីរពេទ្យកុមារអង្គរទៀត

(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ និងអ្នកសិល្បៈជាច្រើន បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ម្នាក់ ១ដុល្លារ​ ដើម្បីជាចំណែកចូលរួមជួយ ទៅដល់មន្ទីរពេទ្យ កុមារអង្គរ។ នៅក្នុងនោះគេសង្កេតឃើញថា នាថការី និងជាតារាបង្ហាញម៉ូដ កញ្ញា សុគា គីមលាង ក៏បានចូលរួមបរិច្ចាគថវិកាប្រមាណ១០០ដុល្លារ ចូលរួមជួយទៅដល់មន្ទីរពេទ្យ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានពោលសរសើរថា នាងស្អាតហើយ នៅមានទឹកចិត្តចូលរួមជួយសង្គមផងដែរ។

ទស្សនិកជនភាគច្រើនបានស្គាល់ តារាស្រីរូបស្អាត រាងស្រឡូនខ្ពស់ស្រឡះ កញ្ញា សុគា គីមលាង គឺតាមរយៈការបង្ហាញខ្លួនជាតួឯកទេពធីតា នៃព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំ២០១៨ សម្រស់របស់នាង ត្រូវបានមហាជនមានការចាប់អារម្មណ៍ និងសរសើរពីភាពស្រស់ស្អាតរបស់នាងខ្លាំង អ្វីដែលសំខាន់នោះ គឺនាងជាសិល្បការិនីផ្នែករបាំម្នាក់ផងដែរ។ តារាស្រីរូបនេះ ក្រៅពីការបង្ហាញពីសម្រស់ស្អាតហើយ នាងក៏ជាតារាស្រីមួយរូប ដែលកំពុងតែមានទីផ្សារការងារ នាពេលបច្ចុប្បន្នផងដែរ នៅក្នុងនោះសង្កេតឃើញថា ក្រៅពីការបង្ហាញពីភាពស៊ីវិល័យហ៊ឺហាររបស់ខ្លួន នាងក៏ឧស្សាហ៍ចូលរួមការងារសប្បុរសធម៌ផងដែរ។

ជាក់ស្តែងថ្មីៗនេះ តារាស្រីរូបនេះបានចូលរួមសកម្មភាព សប្បុរសធម៌ជាបន្តបន្ទាប់ ប៉ុន្តែនៅពេលថ្មីៗនេះនាងបានចូលរួមធ្វើរឿងជួយសង្គមមួយគឺបរិច្ចាគថវិកាជួយមន្ទីរពេទ្យកុមារអង្គរនាខេត្តសៀមរាប មិនតែប៉ុណ្ណោះនាងក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជួយទៅដល់ មន្ទីរពេទ្យទាំងអស់គ្នា ដើម្បីចូលរួមចំណែកជួយទៅដល់កុមារ នៅកម្ពុជាផងដែរ៕ (ដោយ៖ ពិជ័យបុត្រ)