ស្រណោះណាស់! ណុប បាយ៉ារិទ្ធ កោរសក់បួស ខណៈដែល នីកូ សុខចិត្តដោះដូរជីវិតពាក់កណ្ដាលព្រោះតែជីដូន 

ក្រោយពីបង្ហាញនូវមរណៈទុក្ខព្រមៗគ្នារបស់តារាចម្រៀងល្បីឈ្មោះបីដួង គឺលោក ណុប បាយ៉ារិទ្ធ លោក នីកូ និងកញ្ញា តាក់ម៉ា គ្រាដែលជីដូនរបស់អ្នកទាំងបីបានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងជន្មាយុ ៩៧ ឆ្នាំដោយជរាពាធរួចមក យើងឃើញថាគ្រួសារតារាចម្រៀងត្រកូល ណុប នេះមានទុក្ខសោកសង្រេងជាពន់ពេកដោយម្នាក់ៗបានបង្ហាញពីទុក្ខសោកក្នុងបណ្ដាញទំនាក់ទំនងសង្គមរៀងៗខ្លួន។ 

ក្រៅពីលោក ណុប បាយ៉ារិទ្ធ និង លោក ណុប អ៊ីនុ ជាប្អូនប្រុស និងជាអ្នកនិពន្ធប្រចាំផលិតកម្មរស្មីហ្សមាសមួយរូប បាននាំគ្នាកោរសក់បួសមុខភ្លើងជូនជីដូនខ្លួនរួចមក យើងឃើញថានៅក្នុងគណនីអ៊ីនស្រ្តាក្រាមរបស់លោក នីកូ ឯណោះវិញ លោកក៏បានបង្ហាញសារក្ដុកក្ដួលរហូតដល់ហ៊ានដូរអាយុជីវិតខ្លួនពាក់កណ្ដាលឯណោះដើម្បីជីដូន ដោយលោកបានបញ្ជាក់ទាំងក្ដុកក្ដួលថា៖ «វេលាដែលភ័យខ្លាចពេញមួយជីវិត ទីបំផុតបានមកដល់ ខ្ញុំតែងជឿលើការបន់ស្រន់រាល់រាត្រីដោះដូរនឹងជីវិតរបស់ខ្ញុំពាក់កណ្តាល ជឿលើអភិនីហារដែលតែងថែរក្សាលោកយាយ រហូតដល់ 97 វស្សា តែមនុស្សលោកមិនអាចប្រឆាំងព្រេងវាសនាបានរហូតទេ ស្លឹកឈើដែលទុំបានជ្រុះក្នុងរយៈពេលមួយពព្រិចភ្នែក សូមបុណ្យកុសលក្រុមគ្រួសារទាំងអស់ជូនដំណើរលោកយាយទៅកាន់សុគតិភព”។ 

គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់កញ្ញា តាក់ម៉ា ដែលត្រូវជាប្អូនស្រីជីដូនមួយរបស់លោក បាយ៉ារិទ្ធ បានឱ្យដឹងថា ពិធីបុណ្យគំរប់ខួប៧ថ្ងៃ និង ១០០ថ្ងៃរបស់លោកយាយ ឈូក សាគុណ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅគេហដ្ឋានសពផ្ទាល់ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ 

ដោយ៖ ភូមិន្ទ