ស្វែងយល់យុទ្ធសាស្រ្តឈ្នះឈ្នះ៖ ការធានាបីយ៉ាងដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

(ភ្នំពេញ) ៖ ក្នុងពេលថ្មីៗនេះ នៅតាមបណ្តាញសង្គម យើងឃើញមានការចែកចាយនូវឯកសារនយោបាយឈ្នះ ឈ្នះ ដូចនេះយើងសូមទាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋមកស្វែងយល់ពីយុទ្ធសាស្រ្តឈ្នះ ឈ្នះ ការធានាបីយ៉ាងដែលដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីនាំមកនូវសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។

ការធានាបីយ៉ាងនោះរួមមាន៖ ១. ការធានារូបកាយនិងអាយុជីវិត៖ គឺជាការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្រ្គាម និងការប្រយុទ្ធហើយវិលត្រឡប់មករួមរស់នៅក្នុងចរន្តនៃសង្គមជាតិវិញ។ ២. ការធានាអាជីព និងមុខរបរ៖ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះនូវលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹម ជីវិតដែលពួកគេធ្លាប់មានកន្លងមក ៣. ការធានាកម្មសិទ្ធ ទ្រព្យសម្បត្តិទាំងអចនទ្រព្យ និងអចលនទ្រព្យ៖ ការធានាសុវត្ថិភាពខាងផ្នែកកម្មសិទ្ធ ដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។ គួរបញ្ជាក់ថា ដើម្បីរំលឹកដល់នយោបាយឈ្នះឈ្នះដែលបាននាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ជាតិនិងប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ក៏បានសម្រេចសាងសង់នូវវិមានឈ្នះឈ្នះព្រមទាំងធ្វើពិធីរំលឹកជារៀងរាល់ឆ្នាំផងដែរ៕

សម្រួលអត្ថបទ ៖ S.T