បកស្រាយពីជំនឿទៅលើសត្វដំរីក្នុងសង្គមខ្មែរដែលលោកអ្នកកម្របានដឹង…

ដំរី គឺជាសត្វមួយប្រភេទដែលផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈជំនឿ សាសនា និងទំនៀមទម្លាប់ប្រពៃណីផ្សេងៗតាំងពីបុរាណកាលមកម្ល៉េះ។ យោងតាមកម្រងឯកសារស្ដីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាការរៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ជាអ្នកស្រាវជ្រាវ និងចងក្រងប្រពៃណី និងទំនៀមទម្លាប់ខ្មែរបានបញ្ជាក់អំពីជំនឿផ្សេងៗនៃសត្វដំរីឱ្យដឹងថា៖

១/. ស្រ្តីមានគភ៌៖ តាមការប​ញ្ជាក់របស់សាស្រ្តាចារ្យខាងលើបានឱ្យដឹងថា ហ្មដំរីទាំងឡាយតែងតែមានការប្រយ័ត្នប្រយែង មិនអនុញ្ញាតឲ្យមនុស្សមានគភ៌ ជិះលើខ្នងដំរីឡើយ។ បើគេនៅតែបំពារបំពានទៅលើតំណមនោះ ដំរីនិងរលាស់ជម្រុះមនុស្សមានគភ៌នោះឲ្យធ្លាក់ពីលើខ្នងវាជាមិនខាន ។

(រូបភាពតំណាង) 

២/. ហាមសាសងស្នេហានៅលើខ្នងដំរី៖

ការសាសងតាមផ្លូវស្នេហាប្រឡូកប្រឡែងគ្នានៅលើខ្នងដំរីក៏ជាប្រការមួយពុំអាចអនុញ្ញាតបានដែរ។ យើងរាល់គ្នាដែលធ្លាប់ដឹងអំពីប្រពៃណីនេះ រួមទាំងហ្មដំរីផង នៅពុំទាន់បានស្រាវជ្រាវរកឃើញអំពីមូលហេតុច្បាស់លាស់នៅឡើយ។ រហូតមកទល់ពេលនេះ យើងគ្រាន់តែដឹងតាមរយៈចាស់ៗ និយាយថា បើកាលណាគេនៅតែបំពារបំពានទៅលើតំណមនេះ ដំរីនិងស្រុត (ស្លាប់) ដោយពុំអាចព្យាបាលឲ្យជាបានឡើយ ។

(រូបភាពតំណាង) 

៣/.  ដំរីចូលរួមចំណែកក្នុងការនាំមកនូវភាពត្រជាក់ត្រជំ នឹងព្យាបាលក្មេងអារឹស៖

ក្មេងអារឹសជាប្រភេទក្មេងដែលពិបាកចិញ្ចឹម ព្រោះមានជំងឺរ៉ាំរ៉ៃជាប្រចាំ គឺជំងឺចំរុះច្រើនមុខ ឈឺនេះផង ឈឺនោះផង ពិបាកព្យាបាលជាទីបំផុត ។ … តាំងពីបុរមបុរាណរៀងដរាបមក ខ្មែរយើងតែងតែចាត់ទុកដំរីថាជាសត្វត្រជាក់ត្រជុំ ជាសត្វនាំមកនូវសុភមង្គល ជាសត្វតំណាងឲ្យទឹក និងភាពសំបូររុងរឿង។ ចំពោះក្មេងអារឹស គេយកក្មេងនោះទៅដាក់ពីក្រោមពោះដំរី ឬដាក់ពីក្រោមមាត់ដំរី យកប្រមោយវាឲ្យស្ទាបក្បាលក្មេងនោះ ឬក៏ឲ្យវាព្រួសទឹកដាក់ខ្លួនប្រាណក្មេងនោះ ក្នុងក្ដីសង្ឃឹមថាធ្វើយ៉ាងនេះ ក្មេងនិងបានជាសះស្បើយពីជំងឺរ៉ាំរ៉ៃបាន ហើយវានឹងមានសុខភាពល្អ មានកម្លាំងពលំ មានប្រាជ្ញាស្មារតីល្អឡើងវិញ ។

(រូបភាពតំណាង) 

យោងតាមការបញ្ជាក់របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខាងលើបានបញ្ជាក់បន្ថែមថា អ្វីដែលលោកបានសរសេររៀបរាប់អំពីជំនឿផ្សេងៗ ដូចពោលខាងលើនេះ គឺជាជំនឿ ជាការចំណាំ ជាប្រផ្នូលរបស់ខ្មែរនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ។ លោកបន្តថា ជំនឿបុរមបុរាណ មិនមែនមានដូចគ្នាសុទ្ធសាធដូចគេចាក់ពុម្ពនោះទេ ប៉ុន្តែ វាអាចខុសប្លែកគ្នាទៅតាមតំបន់ទៅតាមស្រុកខេត្ត។ ដូច្នេះ ប្រសិនបើអស់លោកអ្នក នៅតំបន់ផ្សេង ចេះដឹងអ្វីអំពីជំនឿប្រពៃណីខុសប្លែកពីនេះ សូមបញ្ចេញយោបល់ឱ្យយើងនិងកូនខ្មែរជំនាន់ក្រោយបានដឹងផង៕ ដោយ៖ ភូមិន្ទ