មកដឹងពីរឿងរ៉ាវនឹកស្មានមិនដល់ខ្លះៗរបស់នារីពេស្យាលំដាប់ខ្ពស់ ក្នុងប្រទេសជប៉ុនកាលពីបុរាណ

មិនថាទាំងជីវភាពប្រចាំថ្ងៃ សិល្បៈ កីឡា ទំនៀមទម្លាប់ ប្រជាជនជប៉ុន តែងតែប្រព្រឹត្តិឡើង នាំឲ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាជតិដទៃ ដូច្នេះហើយទើប ជប៉ុន ត្រូវបានគេចាត់ទុក ជាប្រទេសមួយដែលមានអរិយធម៌ និងវប្បធម្មចម្លែកៗជាងគេនៅអាស៊ី​ តាំងពីបុរាណមក។

កាលពីបុរាណ នាអំឡុងសតវត្សទី ១៧ ប្រទេសមួយនេះធ្លាប់មានមុខរបរមួយ ដែលគេឲ្យឈ្មោះថា អូអ៊ីរ៉េន​ ដែល សំដៅទៅលើក្រុម នារីរកស៊ីផ្លូវភេទលំដាប់ខ្ពស់ បង្កើតឡើងនៅតំបន់ យូស៊ីវ៉ារ៉ា​ ដោយបច្ចុប្បន្នតំបន់នេះនៅក្នុងទឹកដីរាជធានីតូក្យូ។

ក្រុមនារី អូអ៊ីរ៉េន ឬភាសាសមញ្ញហៅថា នារីពេស្យាលំដាប់ខ្ពស់ ត្រូវបានប្រជាជនជប៉ុនទទួលស្គាល់យ៉ាងទូលំទូលាយនៅឆ្នាំ ១៧៥០។ ក្រុមនារីទាំងនោះ សុទ្ធសឹងតែជានារីសោភិនី ព្រមទាំងមានឥរិយាបថថ្លៃថ្នូរផងដែរ ហើយទីផ្សាររបស់ពួកគេ គឺសម្រាប់តែបុរសៗមកពីត្រកូលអភិជន មានមុខមាត់ធំក្នុងសង្គមប៉ុណ្ណោះ។

កាលនោះ បើគេទៅកម្សាន្តនៅតំបន់ យូស៊ីវ៉ារ៉ា គេនឹងឃើញក្រុមនារី អូអ៊ីរ៉េន អង្គុយនៅក្នុងផ្ទះដែលមានរណាំងបាំង គ្រាន់តែឲ្យមើលឃើញគ្នាប៉ុណ្ណោះ ខណៈដែលពួកនាងមិនអាចមកអង្គុយនៅខាងក្រៅ ដូចនារីរកស៊ីផ្លូវភេទធម្មតាៗឡើយ ហើយភ្ញៀវអាចជ្រើសរើសនារីណាម្នាក់ បានដោយត្រឹមតែប្រាប់ទៅកាន់ឈ្មួញកណ្ដាលម្នាក់ មិនអាចប៉ះពាល់ដៃជើងបានឡើយ​ សូម្បីតែចង់ជជែកលេងជាមួយក៏មិនបានផង ។

ត្រង់ចំណុចនេះសូមបញ្ជាក់ថា មិនមែនឲ្យគ្រប់ភ្ញៀវសុទ្ធតែអាចជ្រើសនារី អូអ៊ីរ៉េន ទៅកំដរបានឡើយ ពោលគឺខណៈពេលដែលចូលទៅរើសនារីទាំងនោះ គឺត្រូវតែមានភ័ស្ដុតាងបង្ហាញថា​ ខ្លួនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដូចជាបង្ហាញពីអត្តសញ្ញាណ និងមាសពេជ្រកែវកងជាដើម​។

យោងតាមឯកសារបានបបង្ហាញថា មុននឹងបាននារី អូអ៊ីរ៉េន ភ្ញៀវត្រូវតែឆ្លងកាត់បីដំណាក់កាល ដូចជាទីមួយ បន្ទាប់ពីជ្រើសហើយ ភ្ញៀវត្រូវតែចំណាយលុយយ៉ាងច្រើនទៅលើការជប់លៀង តែសម្រាប់នារី អូអ៊ីរ៉េន ម្នាក់ដែលភ្ញៀវជ្រើសរើសនោះ មិនបានមកអង្គុយរួមតុជាមួយឡើយ។

ថ្ងៃបន្ទាប់ ដែលជាដំណាក់កាលទីពីរ ភ្ញៀវត្រូវតែមកបង្កើតពិធីជប់លៀងម្ដងទៀត ដោយត្រូវចំណាយលុយយ៉ាងច្រើន ព្រមទាំងធ្វើយ៉ាងណាឲ្យគ្រប់គ្នាមើលឃើញថា ខ្លួនជាមនុស្សមានលុយ មានអំណាច។

ដំណាក់កាលទីបី គឺជាដំណាក់កាលចុងក្រោយ ភ្ញៀវត្រូវបានអញ្ជើញឲ្យទៅជួបនារី អូអ៊ីរ៉េន ដែលគេពេញចិត្ត ហើយនេះមានន័យថា ភ្ញៀវម្នាក់នោះគឺបានជាប់ឈ្មោះនៅក្នុងបញ្ជីជាភ្ញៀវដែលស័ក្ដិសម ដូច្នេះដំណាក់កាលនេះភ្ញៀវត្រូវបង់ប្រាក់ទៅតាមតម្លៃខ្លួនរបស់នារី អូអ៊ីរ៉េន មុននឹងសប្បាយជាមួយសេវាកម្មរបស់នាង។

សូមបញ្ជាក់ថា នារី អូអ៊ីរ៉េន មិនមែនបម្រើភ្ញៀវនៅក្នុងផ្ទះបនឡើយ​ ពោលគឺមានផ្ទះមួយទៀតដែលគេហៅឈ្មោះថា ផ្ទះផឹកទឹកតែ។ ផ្ទះនោះ គឺជាផ្ទះដែលពួកនាង​ អូអ៊ីរ៉េន ទៅជួបភ្ញៀវនៅដំណាក់កាលទីបី ឬដំណាក់កាលចុងក្រោយ ។ ថ្ងៃ​នោះ នារី អូអ៊ីរ៉េន ត្រូវតុបតែងខ្លួនដូចជាព្រះនាង ព្រមទាំងពាក់ស្បែកជើងខ្ពស់ឲ្យមើលទៅលេចធ្លោជាងគេ ព្រមទាំងត្រូវដង្ហែពីសំណាក់ នារីក្មេងៗជាច្រើន ដែលនារីក្មេងៗទាំងនោះគេហៅឈ្មោះថា ស៊ីនស៊ូ និង កាមូរូ មានន័យថា ជាក្មេងៗក្រោមឱវាទរបស់ អូអ៊ីរ៉េន។

តើមានលក្ខខណ្ឌណាខ្លះ ទើបអាចក្លាយជានារី អូអ៊ីរ៉េន បាន ​?

ទោះបីជាមានឈ្មោះថា ជានារីរកស៊ីផ្លូវភេទយ៉ាងណាក៏ដោយ ក៏មិនមែនឲ្យតែមនុស្សស្រីទាំងអស់ សុទ្ធតែអាចក្លាយជានារី អូអ៊ីរ៉េន បានដែរ។
សម្រស់ស្រស់ស្អាត ផូផង់គឺជាចំណុចមួយ ប៉ុន្តែផ្សេងពីនេះ ក៏ទាមទារឲ្យជាមនុស្សស្រីដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងអក្សរផ្ចង់ តែងកំណាព្យ និងចេះលេងឧបករណ៍តន្ត្រីដូចជា កូតូ សាមីសេន ជាដើម។

ម្យាងវិញទៀត ក៏តម្រូវឲ្យមានលុយច្រើនដើម្បីផ្គត់ផ្គង់ទៅដល់ក្មេងៗស្រីចាំបម្រើ ដែលគេហៅថា ស៊ីនស៊ូ និង កាមូរូ ព្រមទាំងអាចមានសមត្ថភាពបណ្ដុះបណ្ដាល ស៊ីនស៊ូ និង កាមូរូ ឲ្យក្លាយទៅជា អូអ៊ីរ៉េន ទៅថ្ងៃអនាគតផងដែរ។
គួរឲ្យដឹងថា ស៊ីនស៊ូ និង កាមូរូ មានអាយុចាប់ពី ១០ឆ្នាំឡើយ ហើយ ស៊ីនស៊ូ មានអាយុច្រើនជាង កាមូរូ ។ ស៊ីនស៊ូ និង កាមូរូ ត្រូវនៅក្បែរខ្លួនរបស់ អូអ៊ីរ៉េន ដែលមានតួនាទីស្មើនឹងបងស្រី ដើម្បីរង់ចាំបម្រើ ហើយក្នុងអំឡុងពេលនោះ ស៊ីនស៊ូ និង កាមូរូ ក៏ទទួលបានការបង្ហាត់បង្រៀន ក្បូនច្បាប់ អក្សរសាស្ត្រ កំណាព្យ ព្រមទាំងតន្ត្រី ពីអូអ៊ីរ៉េន ទៀតផង។

សូមបញ្ជាក់ថា ប្រជាប្រិយភាពរបស់នារី អូអ៊ីរ៉េន ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗនៅក្នុងសតវត្សរ៍ទី ១៩ ហើយវាបានបាត់ឈ្មោះទាំងស្រុងនៅឆ្នាំ ១៩៥៧ ដោយរដ្ឋាភិបាលជប៉ុនបានកំណត់ថា របរពេស្យាជារបរខុសច្បាប់៕