ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា អញ្ជើញបើកកិច្ចប្រជុំជាមួយសមាជិក សមាជិការរដ្ឋសភា មណ្ឌលខេត្តកំពង់ធំ រួមជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ 

(ភ្នំពេញ) ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការរដ្ឋសភា មណ្ឌលខេត្ត កំពង់ធំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្តកំពង់ធំ នៅភូមិគ្រឹះ ឯកឧត្តមបណ្ឌិត ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ឯកឧត្តមបណ្ឌិត បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ គឺថាការជួបធ្វើការងារនៅថ្ងៃនេះ គឺទៅតាមកម្មវិធីដែលយើងត្រូវប្រជុំរៀងរាល់ពាក់កណ្តាលខែនៅទីនេះ ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍បញ្ជាក់ជូនទៀតថា ៖ យើងដឹងហើយថា កន្លងមកនេះសារព័ត៌មានដែលមាននិន្នាការគាំទ្រក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលដូចជា វិទ្យុអាស៊ីសេរី វីអូអេ ជាដើម តែងតែបានវាយប្រហារមកលើគណបក្ស ប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ទាក់ទងនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺមានការប្រឌិតព័ត៌មានក្លែងក្លាយថា មានការបិទប្រទេស រាជធានី ជាដើមនោះ ឯកឧត្តមបណ្ឌិត បានជម្រាបជូន គឺយោងលើសារផ្ញើជូនជនរួមជាតិលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជា វិធានការក្នុងការទប់ស្កាត់ការរីករាតត្បាតជំងឺ កូវីដ១៩ នោះឡើយ ជាពិសេសតាមប្រភពព័ត៌មាន របស់ FN ក្រសួងសុខាភិបាលបានប្រកាសពីលទ្ធផលនៃការធ្វើតេស លើកទី៣ ចំនួន ១១៩៥ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា «អវិជ្ជមានទាំងអស់» កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ។

អំពីការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងពេលខាងមុខ អង្គប្រជុំក៏បានស្តាប់នូវសេចក្តីរាយការណ៍របស់គណបក្សខេត្ត និងអស់លោកជាប្រធាន គណបក្សស្រុក-ក្រុង អំពីលទ្ធផលការងាររបស់ខ្លួន ក្នុងរយះពេលកន្លងមកផងដែរ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ផ្តល់អនុសាសន៍ដឹកនាំអំពីការងារគណបក្ស និងអង្គប្រជុំក៏បានមានមតិពិភាក្សាគ្នា គឺធ្វើយ៉ាងណាធានាឱ្យគណបក្សយើងទទួលបានជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងពេលខាងមុខនោះ ៕

សម្រួលអត្ថបទ ៖ S.T