តុលាការ​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​អ្នក​ពាក់ព័ន្ធ​រួមគំនិត​ត្បត់​ជាតិ​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង សម រ​ង្ស៊ី ចំនួន​៦៨​នាក់​បន្ថែម​ទៀត ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ខាង​មុខ​នេះ​

(រាជធានី​ភ្នំពេញ) ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ យោង​តាម​ដីកា​កោះហៅ​ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ យក​ទៅ​បិទ​នៅ​មុខ​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ  ដោយ​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​រឿង​រួមគំនិត​ក្បត់ជាតិ​ចំនួន​៦៨​នាក់​បន្ថែម​ទៀត ។ មិន​ត្រឹមតែ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​ក្បត់ ជាតិ​នេះ​ទេ តុលាការ​ក៏​បាន​អញ្ជើញលោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​គណបក្សប្រឆាំង​ផង​ដែរ​។

យោងតាមដីកា​ដែល​កម្លាំង​នគរបាល​យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​កំណត់​​ឲ្យ​អ្នក​ទាំងអស់​ដែល​រួមគំនិត​ក្បត់ជាតិ មានឈ្មោះ​ក្នុង​ដីកា ត្រូវ​ចូលរួម​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ​នេះ ដើម្បី​ជំនុំជម្រះ​ទោស​លើ​សំណុំរឿង «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៩​។ កម្លាំង​នគរបាល​ដែល​ចុះ​បិទ​ដីកា​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ​។

ចំពោះករណីនេះដែរ បើ​តាម​តុលាការ​បាន​គូសបញ្ជាក់​ថា៖ សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​សិទ្ធិ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ពោល​គឺ​ប្រសិនបើ​ហ៊ាន​ល្មើស​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តាម​បញ្ញត្តិ​មាត្រា ៥២៣ នៃ​ក្រមព្រហ្មទណ្ឌ «​បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ​»​។

មាត្រា ៥២៣ ៖ បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ​។ អំពើ​រិះគន់​លិខិត ឬ​សេចក្តីសម្រេច​របស់​តុលាការ ក្នុង​គោលដៅ​បង្ក​ឲ្យ​មាន ភាព​វឹកវរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​) ទៅ ៦ ខែ (​ប្រាំមួយ​ខែ​) និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ,០០០ (​មួយ​សែន​) រៀល ទៅ ១,០០០,០០០ (​មួយ​លាន​) រៀល​។ អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា នឹង​ទោស​ដែល​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​១ ខាងលើ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ ដឹកនាំ​មន្ដ្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត យក​ដីកា​ដូចនេះ​ទៅ​បិទ​ម្ដង​រួច​មក​ហើយ ដោយ​ក្នុង​នោះ មាន​ទាំង​ឈ្មោះ​របស់​ទណ្ឌិត សម រ​ង្ស៉ី និង​ជន​ត្រូវ​ចោទ​ចំនួន​១៤​នាក់​ផ្សេង​ទៀត​។

ខ្លឹមសារ​ដីការ​របស់​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ដាក់​រឿង​ជំនុំជម្រះ​រួច សម្រេច​ឲ្យ​ឈ្មោះ សម រ​ង្ស៊ី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ កើត​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​១៩៥៩ សញ្ជាតិ​ខ្មែរ កាន់​ខិត​ឆ្លង​ដែន​លេខ D0002190 ទីកន្លែង​កំណើត សង្កាត់​លេខ​២ ក្រុងភ្នំពេញ អាសយដ្ឋាន​ផ្ទះ លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ឲ្យ​ចូល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ (​ជាន់​ទី​១ សាល​សវនាការ​ទី​១) នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ជា​កំហិត ដើម្បី​ចូលរួម​សវនាការ​។

សូម​បញ្ជាក់​ថា សវនាការ​បទល្មើស​ឧក្រិដ្ឋ​លើ​បទ​ចោទ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​» នេះ​ដែរ គឺ​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ ចំណែក​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ​, លោក កើត សាំង និង​លោក អ៊ឹម វណ្ណ​: ជា​ចៅក្រម​ប្រឹក្សា​។

គួរ​រំលឹក​ថា អតីត​ប្រធាន​បក្ស​ប្រឆាំង​សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​តុលាការ​ចេញ​ដីកា​កោះហៅ​ជា​ច្រើន​លើក​មក​ហើយ ពាក់ព័ន្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​៕

សម្រួលអត្ថបទ ៖ S.T