បកស្រាយចម្ងល់ថាតើនៅលើលោកយើងនេះ មានក្រុម ធ្មប់ ដូចក្នុងរឿងមែនដែរ ឬទេ?

បើនិយាយពី «ធ្មប់» ច្បាស់ណាស់ថា​ យើងគ្រប់គ្នា​ នឹងស្រម៉ៃឃើញពីរូបរាងរបស់យាយចាស់ រូបរាងអាក្រក់ ខ្នងកោង ច្រមុះស្រួច ចង្ការវែង សក់ធ្លាក់ដល់ចង្កេះ ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយធ្វើដំណើរទៅណាមកណា ដោយជិះអំបោសហោះ ជាក់ជាមិនខាន ដោយសារតែតួអង្គម្នាក់នេះ ត្រូវបានគេសន្មត់ថា ជាធ្មប់ ដែលតែងតែបង្ហាញនៅក្នុងឈុតឆាកភាពយន្ត។

តើមនុស្សដូចម្ដេចដែលគេចាត់ចូលជាប្រភេទធ្មប់?

តាមជំនឿលោកខាងលិច បានឲ្យដឹងថា ធ្មប់ គឺជាមនុស្សធម្មតា តែរៀនពីវិជ្ជាមន្តអាគមខ្មៅងងឹត ឬវិជ្ជាបិសាច ហើយធ្មប់ តែងតែអនុវត្តការងារផ្សេងៗដែលនាំទុក្ខឲ្យមនុស្សដទៃ ​។

គេមិនច្បាស់ថា ធ្មប់ កើតឡើងតាំងពីពេលណាឡើយ តែបើតាមកំណត់ត្រាមួយក្នុង ព្រះគម្ពី ប៊ីប៊ែលភាគទីមួយ សរសេរចន្លោះឆ្នាំ ៩៣១ និង ឆ្នាំ​ ៧២១ មុន​គ្រិស្ត​សករាជ បាននិយាយអំពីដំណើរស្វែងរកចាប់ខ្លួន ពួកធ្មប់ យកមកកាត់ទោស នៅក្នុងរាជរបស់ស្ដេច សូល ចក្រភពអង់គ្លេស ។

យោងតាមគេហរទំព័រ​ History បានឲ្យដឹងថា​ ពាក់កណ្តាលទសវត្សឆ្នាំ ១៤០០ មានធ្មប់ ជាច្រើនបានរស់នៅតំបន់អឺរ៉ុប ហើយនៅទសវត្សនោះ មានអ្នកប្រមាញ់ធ្មប់ជាច្រើននាំគ្នា ចេញប្រតិបត្តិការ រហូតស្ទើរតែក្លាយជារឿងធម្មតាទៅហើយសម្រាប់សម័យនោះ។

ចន្លោះឆ្នាំ ១៥០០ ដល់ ឆ្នាំ ១៦៦០ មានក្រុមធ្មប់ចំនួន​ ៨ម៉ឺននាក់នៅអឺរ៉ុប​ ត្រូវបានចាប់ខ្លួន និងដាក់ទោសដោយសម្លាប់ ហើយក្នុងនោះមាន ៨០ភាគរយជាមនុស្សស្រី។ កាលនោះគេដឹងថា នៅអាល្លឺម៉ង់ មានអាត្រាធ្មប់ ច្រើនជាងគេបំផុត ខណៈដែលអៀរឡង់ មានចំនួនតិចតួច។

បើតាមកំណត់ត្រាក្នុងសៀវភៅ «ម៉លលឿស ម៉ាឡេហ្វ៊ីខារូម» ដែលបានចេញផ្សាយដោយបុរជនជាតិអាល្លឺម៉ង់-ដូមីនី ពីររូប នៅឆ្នាំ ១៤៨៦ ហាក់ដូចជាបង្ហាញថា ធ្មប់ ប្រៀបបានដូចជាមេរោគមួយ ដែលត្រូវតែកំចាត់ និងដាក់ទោសឲ្យធ្ងន់ធ្ងរ ព្រោះក្រុមនេះគឺជាក្រុមសាសនាខុសច្បាប់ ហើយពួកប្រូតេស្តង់ និងកាតូលិក បានព្យាយាមដេញឲ្យរស់នៅឆ្ងាយពីមនុស្សដទៃ។

សរុបមកវិញតើ ធ្មប់ មានពិតដែរឬទេ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

ក្នុងប្រវត្តិសាស្ត្របានបង្ហាញថា​ ធ្មប់ មានពិតមែន ហើយ ធ្មប់ ដែលមានឈ្មោះល្បីល្បាញបំផុតនៅរដ្ឋ វើជីនៀ សហរដ្ឋអាមេរិក នោះ គឺនាង ក្រិច សឺវូដ។

នាង ក្រិច សូវូដ កើតនៅឆ្នាំ ១៦៦០ ក្នុងតំបន់ ផុនកូ និងស្លាប់នៅឆ្នាំ ១៧៤០ ក្នុងអាយុ ៨០ឆ្នាំ។ នាងមានឈ្មោះពេញថា ក្រិច វាយ សឺវូដ ហើយបានរៀបការជាមួយម្ចាស់កសិដ្ឋានតូចមួយឈ្មោះលោក ជេមស៍ នៅតំបន់ លីនហាវ៉េន ប៉ារីសខច ព្រមទាំងបង្កើតបានកូនប្រុសបីនាក់។ គ្រួសាររបស់នាង ក្រិច សឺវូដ ក្រីក្រខ្លាំងណាស់ ក្រៅពីធ្វើចំការ នាងក៏ជាឆ្មបម្នាក់ និងជាពេទ្យព្យាបាលមនុស្ស សត្វផងដែរ។​ ហើយនៅឆ្នាំ ១៧០១ ប្ដីរបស់នាង លោក ជេមស៍ បានស្លាប់ នាងក្រិច សឺវូដ ក៏មិនយកប្ដីទីពីរទៀតដែរ។

បន្ទាប់ពីប្ដីរបស់នាង ក្រិច សឺវូដ​ ស្លាប់ ស្រាប់តែប្រជាជនរស់នៅក្បែរផ្ទះរបស់នាង បានជួបរឿងចម្លែកៗជាច្រើនដូចជា សត្វពាហនៈងាប់រង្គាល អាកាសធាតុប្រែប្រួល ធ្វើឲ្យខូចខាតផលដំណាំជាដើម។ ហើយក្នុងកាលទេសៈនោះ ពួកប្រជាជនបានសង្ស័យថា ជាអំពើរបស់ ធ្មប់ ព្រោះពួកនេះទទួលបានឥទ្ធិពលពីបិសាច។

ខែ មករា ឆ្នាំ ១៧០៦ បុរសឈ្មោះ លុក ហ៊ីល បានចោទប្រកាន់ជាផ្លូវការណ៍ទៅលើនាង ក្រិច សឺវូដ ថាជា ធ្មប់ ហើយក៏បានប្ដឹងដើម្បីដាក់ទោស។ កាលនោះដើម្បីពិសោធន៍ថា តើស្ត្រីមេម៉ាយម្នាក់នេះ គឺជាធ្មប់ ដែរ​ឬអត់ គេបានចាប់នាងចងដៃ ជើង ដើម្បីទម្លាក់ចូលទៅក្នុងទន្លេរ បើនាងលិចនោះ បញ្ជាក់ថានាងជាមនុស្សធម្មតា តែបើអណ្ដែត ច្បាស់ណាស់ថា នាងគឺជាធ្មប់។

ជាក់ស្ដែង ពេលដែលបោះនាង ក្រិច សឺវូដ​ ចូលទៅក្នុងទន្លេរ ឃើញថា នាងមិនបានលិចឡើយ ហើយមនុស្សម្នារបានប្រស្រឡាំងកាំង ព្រោះឃើញច្បាស់ថា តាមពិតនាង គឺជាធ្មប់ប្រាកដមែន។ បន្ទាប់មកនាង ក្រិច សឺវូដ​ ត្រូវបានគេកាត់ទោសឲ្យជាប់គុក រយៈពេលហើយវាគឺជាសំណាងមួយរបស់នាង ព្រោះធម្មតា ការដាក់ទោសធ្មប់ គឺត្រូវតែប្រហារជីវិតដោយព្យួរករ ឬដុតទាំងរស់។

បើយោងតាមប្រភពពី Virginiahistory បានឲ្យដឹងថា បន្ទាប់ពី ៧ឆ្នាំ នាង ក្រិច សូវូដ ត្រូវបានដោះលែងឲ្យមានសេរីភាព និងបន្តរស់នៅជួបជុំគ្រួសាររបស់នាង រហូតដល់អស់អាយុ។

ទាក់ទងជាមួយគ្នានេះ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០៦ អ្នកច្បាប់ និងជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកម្នាក់គឺលោក ធីម ខៃនី បានសិក្សាពីករណីខាងលើនេះម្ដងទៀត ព្រមទាំងនិយាយថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ នាង ក្រិច សឺវូដ ព្រោះតុលាការសម្រេចយកទឹកទន្លេរដើម្បីកាត់ក្ដី។ ដូច្នេះយើងគួរតែយកករណីមួយនេះមកធ្វើជាឧទាហរណ៍ ដើម្បីផ្ដល់ឲ្យមនុស្សស្រីទទួលបានការការពារសិទ្ធ។

ជាមួយគ្នានេះ លោកបាននិយាយពីរឿងរបស់ ក្រិច សឺវូដ ថា ក្រិច សឺវូដ គឺជាមនុស្សស្រីម្នាក់ ដែលពេលខ្លះត្រូវស្លៀកសម្លៀកបំពាក់របស់មនុស្សប្រុស ព្រោះតែត្បិតតែនាងជាស្ត្រីមេម៉ាយ ត្រូវរ៉ាប់រងចិញ្ចឹមកូនបីនាក់។ នៅអាយុ ៤៦ឆ្នាំ ក្រិច សឺវូដ ត្រូវបានញាតិជិតខាងរបស់នាង ចោទថាជា ធ្មប់ ដែងតែងតែសម្លាប់សត្វពាហនៈ បំផ្លាញដំណាំដាំដុះ ព្រមទាំងបង្កើតព្យុះភ្លៀង ដូច្នេះនាងតែម្នាក់ឯងត្រូវឈរនៅក្នុងសាលជំនុំជំរះក្ដីជាច្រើនលើកច្រើនសារ រហូតដល់ថ្ងៃចុងក្រោយនាងបានប្រើអំណាច ធ្មប់ របស់នាងធ្វើឲ្យស្ត្រីម្នាក់រលូតកូន ។

បន្ទាប់ពីយកទឹកទន្លេរមកកាត់ក្ដី បានបង្ហាញថា នាង ក្រិច សឺវូដ គឺជា ធ្មប់ ប្រាកដមែន ព្រោះតែពេលបោះចូលក្នុងទន្លេរនាងបែជាអណ្ដែតឡើងលើ ដូច្នេះនាងត្រូវតែទទួលការកាត់ទោសឲ្យជាប់គុក ។ ការសិក្សាថ្មីបានឲ្យដឹងថា កាលនោះ នាង ក្រិច សឺវូដ អាចគេតម្រូវឲ្យជាប់គុករយៈពេល ៨ឆ្នាំ តែនាងត្រូវបានមេភូមិម្នាក់ឈ្មោះលោក បេលីនដា​ ណាស កាលនោះមានអាយុ ៥៩ឆ្នាំ ធានានាងឲ្យរួចពីឃុំត្រឹមតែរយៈពេល ៧ឆ្នាំ ។

យ៉ាងណាមិញ បើនិយាយពីធ្មប់ ដែលមានមុខមាត់ គួឲ្យខ្លាច និងសាហាវឃោឃៅដូច ធ្មប់ នៅក្នុងរឿងព្រេងនោះ គឺមិនមានឯកសារណាមួយបញ្ជាក់ឲ្យច្បាស់ថា មានពិត​​ ឬយ៉ាងណាឡើយ ៕