បង្ហាញស្នាដៃសិល្បៈ និងប្រវត្តិខ្លះៗរបស់តារាហុងកុង Savio Tsang ដែលទើបនឹងទទួលមរណភាពថ្មីៗ

ជារឿងមួយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ឧស្សាហកម្មភាពយន្តរបស់ប្រទេសចិន ព្រោះតែតារាល្បីឈ្មោះលំដាប់អន្តរជាតិនិងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ចិន លោក Savio Tsang បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ នេះបើតាមប្រភពព័ត៌មានជាច្រើនរួមទាំងសារព័ត៌ Apple Daily របស់ហុងកុងបានចុះផ្សាយ។

មរណភាពរបស់តារាសម្ដែងវ័យ ៥៨ ឆ្នាំរូបនេះត្រូវបានគេផ្ដល់ព័ត៌មានឱ្យដឹងថាដោយសារតែលោកកើតជំងឺមហារីកសួត។ ក្រោយដំណឹងនៃការឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់នេះត្រូវបានបែកធ្លាយ ​បានធ្វើឱ្យ បណ្ដាអ្នកសិល្បៈរួមអាជីព រួមនឹងអ្នកគាំទ្រជាតិនិងអន្តរជាតិមានការភ្ញាក់ផ្អើល​និងបង្ហាញពីមរណទុក្ខប្រកបដោយក្ដីសោកស្ដាយជាពន់ពេក។

គួរបញ្ជាក់ថាលោក Tsang បានបង្ហាញខ្លួនជាលើកដំបូងក្នុងឧស្សាហកម្មភាពយន្ដនាឆ្នាំ ១៩៨២ ក្នុងរឿង The Green Dragon Conspiracy និងបានចូលរួមបង្ហាញស្នាដៃសិល្បៈជាមួយស្ថានីយ៍ TVB ក្នុងឆ្នាំ ១៩៩០។ ក្រោយមកលោកក៏បានចាកចេញពីទូរទស្សន៍ TVB ក្នុងឆ្នាំ ២០១២ ហើយត្រឡប់ចូលមកវិញនៅឆ្នាំ ២០១៥ ។ ស្នាដៃសិល្បៈចុងក្រោយរបស់លោកគឺ រឿង Line Walker: Bull Fight ៕

ដោយ៖ ភូមិន្ទ