កំហុសច្រំដែល! មាន សូនីតា ត្រូវអ្នកនិពន្ធចោទថាចម្លងអត្ថបទជាថ្មីម្ដងទៀត…

កំពូលតារាសម្ដែងមានងារជារាជិនីក្រមា មាន សូនីតា មួយរយៈនេះហាក់យីអ៊ុនដាក់ អារក្សជាន់បន្ដិច ព្រោះទើបតែត្រូវ គណនីផេកមួយឈ្មោះថា Doung Dara ចេញមុខបញ្ជាក់ទាំងមិនសប្បាយចិត្តថា នាងជាតារាដែលលួចចម្លងអត្ថបទពីគេដោយមិនបានបញ្ជាក់ពីប្រភពរួចមក ស្រាប់តែថ្មីៗនេះអ្នកនិពន្ធល្បីឈ្មោះអ្នកនាង លឹម សន្ដិភាព ក៏បានចេញមុខបញ្ជាក់ថា គណនីផេកផ្លូវការរបស់តារាល្បីរូបនេះ ក៏បានលួចចម្លងអត្ថបទចេញពីសៀវភៅរបស់អ្នកនាងទាំងមិនបានដាក់ប្រភពដើមដែរ។

បង្ហាញអារម្មណ៍មិនសប្បាយចិត្តមិនខុសគ្នាប៉ុន្មានពីលោក Doung Dara អ្នកនាង លឹម សន្ដិភាពម្ចាស់ស្នាដៃសៀវភៅ រើសយកក្ដីសុខ បានបញ្ជាក់ក្នុងបណ្ដាញគណនីផេកផ្ទាល់ខ្លួនថា៖ Admin សុំជួយដាក់ក្រេឌីត​ផង​។ វាជាឃ្លាពីសៀវភៅ រើសយកក្ដីសុខ … ឡូយត្រង់យកទៅកែតិចតួចហើយ អត់ជួយដាក់ក្រេឌីតទៀត។ សំខាន់អ្នកនិពន្ធគ្រាន់តែអាន ដឹងថារបស់ខ្លួនឯង ព្រោះវាជាគោលការប្រចាំខ្លួនរបស់អ្នកនិពន្ធ។​ ខ្ញុំគិតថាអូន Admin ផេករបស់ Mean Sonyta មាន សូនីតា កំពុងធ្វើឱ្យនីតាមានបញ្ហាល្អក់កករជាមួយអ្នកនិពន្ធជាច្រើននាក់ហើយ។ ថ្ងៃមុនឃើញយករបស់ប្អូនៗផ្សេងទៀតម្តងហើយ។ ថ្ងៃនេះយករបស់ខ្ញុំម្តង។ ការពិតអ្នកនិពន្ធអរឱ្យតែគេយកទៅផុសតើ តែសុំគេជួយដាក់ក្រេឌីតផង។  ក្រោយការប្រតិកម្មពីអ្នកនិពន្ធដែលជាម្ចាស់អត្ថបទខាងលើ រាជិនីក្រមា​ មាន សូនីតា ​មិនបានឆ្លើយតបអ្វីនោះឡើយ ពោលគឺនាងហាក់នៅស្ងៀមមិនអើពើ មិនខុសគ្នាប៉ុន្មានពីការប្រតិកម្មរបស់លោក Doung Dara កាលពីមួយរយៈពេលមុននោះដែរ។ ប៉ុន្តែអ្វីដែលជាចំនុចការពារខ្លួនគឺ មួយរយៈក្រោយនេះ គ្រប់អត្ថបទអប់រំខ្លីៗដែលនាងយកមកចែកចាយនៅក្នុងផេកនាងផ្ទាល់​គឺតែងមានភ្ជាប់នូវពាក្យថា Admin ដោយក្នុងន័យនេះ នាងចង់បញ្ជាក់ថាបើទោះបីវាជាគណនីផេកផ្ទាល់ខ្លួននាងពិតមែន ប៉ុន្តែមិនមែនមានន័យថានាងគឺជាអ្នកគ្រប់គ្រងនូវរាល់ការបញ្ចេញទស្សនៈអប់រំផ្សេងៗទាំងនោះ នោះទេ។

គួរបញ្ជាក់ថា ការចេញមុខប្រតិកម្មពីអ្នកនិពន្ធខាងលើ គឺក្រោយពេលដែលក្នុងគណនីផេកផ្លូវការរបស់កញ្ញា មាន សូនីតា បានបង្ហោះនូវខ្លឹមសារអប់រំមួយអត្ថបទមានខ្លឹមសារថា៖ ការសម្រេចចិត្តបោះបង់ទីកន្លែងឬមនុស្ស ដែលធ្វើឱ្យយើងឈឺចាប់ ឬរងរបួសចិត្ត វាមិនមែនជាកំហុសរបស់យើងទេ! តែវាគឺជាសេរីភាពក្នុងការចាកចេញ នឹងរស់នៅក្នុងក្ដីសុខជារបស់យើង។ ដោះលែងខ្លួនឯងចេញពីទីនោះ…“។ 

ដោយ៖ ភូមិន្ទ