អាមេរិក​ហាក់​បើក​ភ្លើងខៀវអោយចិន ខណៈក្រុមហ៊ុន Qualcomm បញ្ជាក់ថាឥឡូវនេះអាចផ្គត់ផ្គង់ឈីបទៅអោយក្រុមហ៊ុន Huawei

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​យើង​ឃើញថា អាមេរិកកាន់តែកៀបសង្កត់​ផ្នែក​ខាង​បច្ចេកវិទ្យារបស់ចិន​យ៉ាងខ្លាំង ជាក់ស្តែងក្រុមហ៊ុន ZTE និងHuawei ជាដើមដោយផ្អែកលើមូលហេតុសុវត្ថិភាពជាតិ។ ប៉ុន្តែថ្មីៗនេះអាមេរិក​ហាក់​បើក​ភ្លើងខៀវអោយចិន ខណៈក្រុមហ៊ុន Qualcomm បញ្ជាក់ថាឥឡូវនេះអាចផ្គត់ផ្គង់ឈីបទៅអោយក្រុមហ៊ុន Huawei បានហើយ។ គួរបញ្ជាក់​ផងដែរថា Qualcomm ជាក្រុមហ៊ុនផលិតឈីបដ៏ធំរបស់សហរដ្ឋអាមេរិក ដែល​ទូរសព្ទ​ និង​កុំព្យូទ័រ ឬសូម្បីតែគ្រឿងអេឡិកត្រូវនិកភាគច្រើន​គឺបាន​បំពាក់​ដោយឈីបនេះ។

កាលពីដើមសប្តាហ៍នេះមានព័ត៌មានបែកធ្លាយថាទីបំផុតក្រុមហ៊ុន Qualcomm បានទទួលអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ក្រុមហ៊ុន Huawei ជាមួយផលិតផលមួយចំនួន។ វាគ្រាន់តែជាពាក្យចចាមអារាមពីប្រទេសចិននៅចំណុចនោះដោយគ្មានភស្តុតាងជាក់ស្តែងដើម្បី​បញ្ជាក់​ថា​ជា​ការ​ពិត​ឡើយ។ ឥឡូវនេះក្រុមហ៊ុន Qualcomm បានចេញ​មុខបញ្ជាក់យ៉ាង​ច្បាស់​ថា ខ្លួន​ពិត​ជា​មានសិទ្ធផ្គត់ផ្គង់​ផលិតផល​ទៅ​អោយក្រុមហ៊ុនចិន ​​Huawei ពិតប្រាកដមែន។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈក្រុមហ៊ុន Qualcomm បានបញ្ជាក់ពីការទទួលបានអាជ្ញាប័ណ្ណសម្រាប់បន្ទះឈីបដែលអាចប្រើបាន 4G ពោលគឺបន្ទះឈីប 5G ក្រុមហ៊ុន​ Qualcomm នៅតែមិនទាន់​មានសិទ្ធលក់ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានទេនៅពេលនេះ។

រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាក្រុមហ៊ុន Qualcomm នឹងអាចនាំចេញបន្ទះឈីប 5G របស់ខ្លួនទៅក្រុមហ៊ុន Huawei បានទេ ប៉ុន្តែHuawei បានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនមានឆន្ទៈធ្វើការជាមួយក្រុមហ៊ុន Qualcomm អោយតែរដ្ឋាភិបាលអាមេរិកអនុញ្ញាត។

ដោយ៖ Vireak