មោទនភាព! តារាចម្រៀង សាយ រត់រាប់ពាន់គីឡូដី ដើម្បីកុមារកម្ពុជា

ជារឿងមួយគួរឱ្យកោតសរសើរនិងចាត់ទុកជាតារាចម្រៀងគំរូរមួយរូប ខណៈដែលតារាចម្រៀងនិងសម្ដែងកូនកាត់ខ្មែរ-ឡាវ លោក សាយ សុខចិត្តលះបង់ពេលវេលាដ៏មានតម្លៃ និងរូបសម្រស់ក្នុងនាមជាតារាល្បីក្នុងស្រទាប់យុវវ័យមួយរូប ទៅធ្វើកម្មវិធីរត់រាប់ពាន់គីឡូដីដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរទាំងដែលសុខភាពរបស់លោកក៏មិនសូវជាអំណោយផលប៉ុន្មាន។

យោងតាមការបញ្ជាក់ផ្ទាល់របស់តារាដែលទុកអាយុជីវិតកុមារធំជាងជីវិតខ្លួនឯងរូបនេះ បានឱ្យដឹងថា បើគិតមកដល់ថ្ងៃទី ១៦ ខែ ១១ ឆ្នាំ ២០២០ នេះ លោកធ្វើការត់បានចំនួន ជាង 1,000 គីឡូម៉ែត្រ ហើយ ក្នុងរយៈពេល ៣៨ថ្ងៃកន្លងមកនេះ។ លោកបញ្ជាក់ថា នៅសល់ ១៣០០ គីឡូម៉ែត្រទៀតទើបផុតរយៈចំងាយកំណត់នៃការត់ស្វែងរកមូលនិធិសប្បុរសធម៌របស់លោក។ អ្វីដែលកាន់តែរំភើបនោះ ក្រោយការលះបង់ដ៏ស្វិតស្វាញរបស់តារាសម្បុរស្រអែមរូបនេះរួចមកឃើញថា បងប្អូនខ្មែរយើងមានចិត្តជ្រះថ្លា ហើយបានចូលរួមជាមួយកម្មវិធីសប្បុរសធម៌របស់លោកយ៉ាងជោគជាំ ដែលបើគិតត្រឹមថ្ងៃទី ១៤ ខែ វិច្ឆិកា ២០២០ នេះកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានទទួលការបរិច្ចាគសរុបចំនួន ១៣០០លានរៀល ដែលបានមកពីការលេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា នៅក្នុងបណ្ដាញគណនីសង្គម។

គួរបញ្ជាក់ថា តារាចម្រៀងបែបយុវវ័យ សាយ បានបង្កើតកម្មវិធីសប្បុររសធម៌មួយឈ្មោះថា “រត់ជាមួយ សាយ ដើម្បីមន្ទីរពេទ្យកុមារអង្គរ” ដោយបើតាមគម្រោងលោកនឹងធ្វើការរត់ ២១ ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដោយចំណាយពេលវេលាចំនួន ៩៩ ថ្ងៃ។  តារារូបនេះបានចាប់​ផ្ដើម​រត់​តាំង​ពី​ថ្ងៃទី០៦ ខែ​តុលា ចេញ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយរហូតដល់ថ្ងៃទី ១៦ ខែ វិច្ឆិកា នេះលោកកំពុងស្ថិតក្នុងទឹកដីខេត្តកោះកុង ដោយក្នុងដំណើរនោះតែងតែមានបងប្អូនប្រជាពលរដ្ឋស្វាគមន៍វត្តមានរូបលោកយ៉ាងច្រើនកុះករផងដែរ៕

ដោយ៖ ភូមិន្ទ